អឺរ៉ុប៖ អាជ្ញាធរសុខាភិបាលកំពុងប្រុងប្រយ័ត្នចំពោះការរាលដាលជំងឺអុតស្វា ជាជំងឺកម្រដែលត្រូវបានរាយការណ៍ដំបូងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងទសវត្សរ៍ឆ្នាំ1970 បន្ទាប់ពីករណីថ្មីបានលេចឡើងនៅអឺរ៉ុប ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ពីការឆ្លងដំបូងរបស់ខ្លួន។

ប្រទេសព័រទុយហ្គាល់បាននិយាយថា ប្រទេសនេះបានរកឃើញករណីជំងឺអុតស្វាចំនួន 5ករណី, ប្រទេសអេស្ប៉ាញបាននិយាយថា ខ្លួនកំពុងធ្វើតេស្តករណីចំនួន 23ករណី ហើយរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានរកឃើញ 1ករណីនៅលើបុរសម្នាក់ដែលថ្មីៗនេះបានធ្វើដំណើរទៅកាន់ប្រទេសកាណាដា។ ចក្រភពអង់គ្លេសជាប្រទេសដំបូងគេ ដែលបញ្ជាក់ពីករណីកើតជំងឺអុតស្វាកាលពីដើមខែនេះ។ បច្ចុប្បន្នប្រទេសនេះបានរកឃើញករណីជំងឺអុតស្វាចំនួន 7ករណី ហើយកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីស៊ើបអង្កេតការរាលដាលវីរុស បន្ទាប់ពីមិនអាចមានទំនាក់ទំនងរវាងករណីដំបូង នៅលើបុរសម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។
អាជ្ញាធរសុខាភិបាលសង្ស័យថា ករណីឆ្លងមួយចំនួនអាចកើតឡើងតាមរយៈទំនាក់ទំនងផ្លូវភេទ ក្នុងករណីនេះគឺស្ថិតក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា ឬមនុស្សភេទទី3 ដោយករណីចំនួន 4 នៅចក្រភពអង់គ្លេសត្រូវបានកំណត់ ក្នុងចំណោមមនុស្សដែលទៅពិនិត្យនៅគ្លីនិកសុខភាពផ្លូវភេទ បន្ទាប់ពីកើតកន្ទួលរលាកទាក់ទងនឹងជំងឺអុតស្វា។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា នៅមិនទាន់មានប្រភពនៃករណីឆ្លងមេរោគណាមួយត្រូវបានបញ្ជាក់ សម្រាប់ទាំងក្រុមគ្រួសារ ឬក្រុមបុរសស្រឡាញ់ភេទដូចគ្នានៅឡើយទេ។ វិសាលភាពនៃករណីឆ្លងក្នុងតំបន់គឺមិនច្បាស់លាស់នៅដំណាក់កាលនេះ ហើយនឹងមានលទ្ធភាពនៃការកំណត់អត្តសញ្ញាណករណីឆ្លងនេះបន្ថែមទៀត៕
អត្ថបទ៖ ប៊ុនថន