ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។
យោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ជនរួមជាតិ នៅល្ងាចថ្ងៃទី២០ ខែឧសភា បញ្ជាក់ថា សម្រាប់អ្នកដែលត្រូវទទួលបានវ៉ាក់សាំងដូសជំរុញទី៤រួចរាល់ហើយ និងមានថេរវេលាកំណត់ជាក់លាក់ សម្រេចដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យ៉ាងតិចចំនួន៣ខែ ទើបអាចទទួលវ៉ាក់សាំងដូសទី៥បាន។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនជនរួមជាតិពីដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស នៅរំលងអាធ្រាត្រឈានឆ្លងចូលថ្ងៃទី២១ ខែឧសភានេះ និងស្ថានភាពកាន់តែធូរស្រាល នៃជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល១៤ថ្ងៃជាប់ៗនេះ កម្ពុជាមិនមានករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ហើយករណីជាសះស្បើយ បានបន្តជាសះស្បើយជាបន្តបន្ទាប់ ដែលមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ-១៩ តែចំនួន ៨នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលបន្តតាមមន្ទីរពេទ្យនានា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោម ៨នាក់ ដែលកំពុងសម្រាកព្យាបាល គឺពួកគាត់មានជំងឺផ្សេងៗទៀត មិនត្រឹមតែកូវីដ-១៩នោះទេ ដែលទាមទារឲ្យពួកគាត់ត្រូវនៅសម្រាកព្យាបាលបន្ត និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ៕