ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ជំហរកម្ពុជាក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក ដែលស្ថិតនៅក្នុងបរិបទពហុវិបត្តិ ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្ដោតលើកការថែរក្សាសន្តិភាព អធិបតេយ្យ និងឯករាជ្យ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួប២០ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ដែលធ្លាប់តែហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងចម្ការមីន បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការចូលរួមរក្សាសណ្ដាប់ធ្នាប់តំបន់ និងសកល។
សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះមិត្តបរទេសទាំងអស់ ពិសេស អូស្ត្រាលី ឥណ្ឌា អាម៉េរិក បារាំង ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ដែលបានជួយហ្វឹកហាត់បំពាក់បំប៉នទាំងជំនាញ និងភាសា និងឧបត្ថម្ភសម្ភារហ្វឹកហ្វឺន ដើម្បីលើកកម្ពស់កម្រិតសមត្ថភាពកម្លាំងជាតិកម្ពុជាស្របតាមស្ដង់ដាររបស់អង្គការសហប្រជាជាតិ។
ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងកាត់បន្ថយគ្រោះថ្នាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងចូលរួមបំពេញបេសកកកម្មរក្សាសន្តិភាពអង្គកាសហប្រជាជាតិ ក៏ដូចជាកម្លាំងដែលនឹងត្រូវបានចូលរួមនាពេលអនាគត សម្ដេចធិបតី បានផ្ដល់នូវអនុសាសន៍ឱ្យចងចាំថាបងប្អូនគឺជាតំណាងឱ្យមុខមាត់ កិត្តិយសរបស់ជាតិនៅលើឆាកអន្តរជាតិ រាល់សកម្មភាព ការប្រាស្រ័យទាក់ទង និងការបំពេញភារកិច្ចរបស់បងប្អូនសុទ្ធតែឆ្លុះបញ្ចាំងពីសមត្ថភាព វិន័យ សីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូល ដូច្នេះត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិរបស់អង្គកាសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោរពគោលការណ៍នៃការរក្សាសន្តិភាព។
សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីប្រទេសជាតមិត្តនានា បានខិតខំលើកកម្ពស់ការអ់បរំបណ្ដុះបណ្ដាលកងកម្លាំងឱ្យស្របតាមស្ដង់ដារអង្គការសហប្រជាជាតិ ពង្រឹងសមត្ថភាពកងកម្លាំងកម្ពុជា ដើម្បីចូលរួមក្នុងការបណ្ដុះបណ្ដាលពហុជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបន្តបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាពនៅលើសកលលោក៕












