អ៊ុយក្រែន៖ ក្បួនរថយន្តក្រុងដឹកអ្នកប្រយុទ្ធអ៊ុយក្រែនបានចាកចេញពីរោងចក្រដែកថែប Azovstal កាលពីថ្ងៃសុក្រ ខណៈរុស្ស៊ីបានអះអាងថាបានគ្រប់គ្រងទាំងស្រុងទីក្រុង Mariupol។

អ្នកនាំពាក្យលោក Igor Konashenkov បាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានរាយការណ៍ទៅលោកប្រធានាធិបតី Vladimir Putin អំពីការរំដោះបានទាំងស្រុងរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ដែលជាបន្ទាយចុងក្រោយនៃការតស៊ូរបស់អ៊ុយក្រែន និងទីក្រុងទាំងមូល។ គ្មានការបញ្ជាក់ភ្លាមៗពីភាគីខាងអ៊ុយក្រែននោះទេ។ លោក Konashenkov បាននិយាយថា អ្នកប្រយុទ្ធអ៊ុយក្រែនសរុបចំនួន 2,439នាក់ដែល បានជាប់នៅរោងចក្រដែកថែបបានចុះចាញ់ចាប់តាំងពីថ្ងៃចន្ទ រួមទាំងជាង 500នាក់កាលពីថ្ងៃសុក្រ។ ខណៈពួកគេបានចុះចាញ់ កងទ័ពត្រូវបានចាប់ជាឈ្លើយសឹកដោយរុស្ស៊ី ដែលមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
រោងចក្រដែកថែប Azovstal បានក្លាយជាកន្លែងនៃការប្រយុទ្ធគ្នាខ្លាំងអស់ជាច្រើនសប្តាហ៍មកហើយ។ ក្រុមអ្នកប្រយុទ្ធបានជាប់នៅក្នុងរោងចក្រ ដោយរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាំភ្លើងធំ និងការបាញ់ដោយរថក្រោះ មុនពេលរដ្ឋាភិបាលរបស់ពួកគេបានបញ្ជាឱ្យពួកគេបោះបង់ការការពារខ្លួន និងដើម្បីសង្គ្រោះជីវិត៕
អត្ថបទ៖ ប៊ុនថន