សហរដ្ឋអាមេរិក៖ មន្ត្រីមន្ទីរបញ្ចកោណបាននិយាយថា មេបញ្ជាការយោធាអ៊ុយក្រែនបានបញ្ជាក់ថា ប្រតិបត្តិការយោធានៅទីក្រុង Mariupol បានបញ្ចប់ ខណៈដែលរុស្ស៊ីអះអាងថាបានគ្រប់គ្រងទីក្រុងនេះទាំងស្រុង។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា លោកនឹងមិនជំទាស់ទៅនឹងការវាយតម្លៃរបស់រដ្ឋាភិបាលអ៊ុយក្រែនចំពោះទីក្រុង Mariupol នោះទេ។ ពួកគេបាននិយាយជាសាធារណៈថា បេសកកម្មប្រយុទ្ធរបស់ពួកគេបានបញ្ចប់នៅទីនោះ។ រុស្ស៊ីបានអះអាងថាបានដណ្តើមយកទីក្រុង Mariupol កាលពីថ្ងៃសុក្រ ជាអ្វីដែលនឹងក្លាយជាជ័យជម្នះធំបំផុតរបស់ខ្លួននៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បន្ទាប់ពីការឡោមព័ទ្ធរយៈពេលជិតបីខែ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានប្រកាសពីការបញ្ជូនសម្ភារៈយោធាមានតម្លៃ 100លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន ដាច់ដោយឡែកពីការទទួលបានពីជំនួយ 40ពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ដោយសភាសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass បានរាយការណ៍ថា នៅក្នុងការវិវឌ្ឍន៍ផ្សេងទៀតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yuri Borisov នាពេលថ្មីៗនេះបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមប្រើអាវុធឡាស៊ែរគំរូថ្មីនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានសមត្ថភាពវាយប្រហារគោលដៅចម្ងាយ 5គីឡូម៉ែត្រ៕
អត្ថបទ៖ ប៊ុនថន