បាល់ទាត់៖ ខ្សែប្រយុទ្ធ AC Milan, Zlatan Ibrahimovic ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ នៅពេលនិយាយក្នុងសន្និសីទសារព័ត៌មាន នៅបែកពីកូនប្រុសមកចូលរួមជាមួយក្រុមជំរើសជាតិស៊ុយអែត។ កូនប្រុសរបស់កីឡាករវ័យ ៣៩ឆ្នាំរូបនេះកំពុងមានស្មារតីមិនល្អឡើយនៅពេលនេះ និងបានយំយ៉ាងខ្លាំងនៅពេល Ibrahimovic ចាកចេញមក។

ខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេឲ្យស៊ុយអែត Zlatan Ibrahimovic ត្រូវបានកោះហៅត្រលប់ឲ្យមកជួយក្រុមជំរើសជាតិវិញ ៥ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ បុរសវ័យ ៣៩ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីបាន ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១១២ប្រកួតឲ្យក្រុមជំរើសជាតិស៊ុយអែត មុនពេលចូលនិវត្តន៍ក្រោយធ្លាក់ត្រឹមវគ្គចែកពូលនៅ Euro ២០១៦។ ការសំរេចចិត្តកោះហៅ Zlatan មកវិញនេះ ស្របពេលស៊ុយអែតត្រៀមខ្លួនប្រកួតវគ្គជំរុះ World Cup ២០២២។
ស៊ុយអែតនឹងត្រូវជួបជាមួយហ្សកហ្ស៊ី និងកូសូវ៉ូក្នុងវគ្គជំរុះ World Cup ចុងខែមីនានេះ ខណៈស៊ុយអែតស្ថិតក្នុងពូល E ក្នុងការប្រកួត Euro ២០២០ ដែលលើកមក ២០២១ នេះជាមួយអេស្ប៉ាញ ប៉ូឡូញ និងស្លូវ៉ាគី។ វ័យចំណាស់ពិតមែន Zlatan Ibrahimovic នៅតែបន្តការស៊ុតបញ្ចូលទីឥតឈប់ឈរដោយរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៤លើកឲ្យ AC Milan ១៤លើករដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ