ក្នុងពិធីបិទបញ្ចប់ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់វិស័យឯកជន ធុរកិច្ចជន និងវិនិយោគិនទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងពង្រីកការចុះកិច្ចសន្យាទិញ-លក់ ជាមួយសហគមន៍កសិកម្មទំនើប ដើម្បីធានាបាននូវការតភ្ជាប់ទីផ្សារប្រកបដោយស្ថិរភាព និងនិរន្តរភាព។

នៅក្នុងឱកាសបិទព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកម្មវិធី ដែលបានក្លាយជាស្ពានចម្លងបច្ចេកវិទ្យាដ៏សំខាន់ និងជាវេទិកាជួបជុំ រវាងវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ កសិករផ្ទាល់។ ឯកឧត្តម បានបន្តថា ការចងក្រងកសិករជា សហគមន៍កសិកម្មទំនើប គឺជាយុទ្ធសាស្រ្តគន្លឹះរបស់ រាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយថ្លៃផលិត បង្កើនបរិមាណ ផ្គត់ផ្គង់ និងធានាបាននូវគុណភាពស្តង់ដារខ្ពស់ដែលអាច ប្រកួតប្រជែងបាន។

ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ឱ្យងាកមកវិនិយោគបន្ថែមលើខ្សែច្រវាក់តម្លៃកសិ-ស្បៀង រាប់ចាប់តាំងពីការកែច្នៃកសិផល ការបង្កើតប្រព័ន្ធភស្តុភារកម្ម ត្រជាក់ រហូតដល់ការតភ្ជាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ការធ្វើបែបនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាទីផ្សារជូន កសិករនោះទេ ប៉ុន្តែថែមទាំងជួយឱ្យវិស័យឯកជនមានប្រភពវត្ថធាតុដើមច្បាស់លាស់ គុណភាពល្អ និងចំណេញ សេដ្ឋកិច្ចខ្ពស់ តាមរយៈការធ្វើការងារផ្ទាល់ជាមួយសហគមន៍កសិកម្មទំនើបដែលមានការគ្រប់គ្រងច្បាស់លាស់។
សូមជំរាបជូនថា គិតក្នុង រយៈពេល ៣ថ្ងៃ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 បានទាក់ទាញអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥ ០០០នាក់ ច្រើនជាង CAFE25 ដែលមានអ្នកទស្សនាត្រឹមតែជាង ២៥ ០០០នាក់។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖លើកកម្ពស់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ក្នុងវិស័យកសិកម្ម។ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា។ បង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗ លើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ។ ពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី






