អាល្លឺម៉ង់៖ អាជ្ញាធរបាននិយាយថា ព្យុះ Tornado បានបោកបក់ឆ្លងកាត់ទីក្រុង Paderborn ភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្របណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ 30នាក់រងរបួស ខណៈព្យុះនេះបានបោកបក់បំប៉ើងដំបូលផ្ទះ ផ្ដួលរលំដើមឈើ និងបានបំប៉ើងកម្ទេចកំទីហោះទៅលើអាកាស។

ក្រុមមន្ត្រីឧតុនិយមព្រមានថានឹងមានភ្លៀង និងព្រិលធ្លាក់ខ្លាំងនៅភាគខាងលិច និងភាគកណ្ដាលប្រទេសអាល្លឺម៉ង់ជាមួយនឹងព្យុះដែលបង្កើតកម្លាំងខ្យល់បក់រហូតដល់ 130គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកាលពីថ្ងៃព្រហស្បតិ៍បានបង្អាក់ចរាចរណ៍រួចទៅហើយ ផ្តួលរំលំដើមឈើដែលបានដួលមកលើផ្លូវរថភ្លើង និងផ្លូវថ្នល់ ហើយជំនន់ទឹកភ្លៀងបានជន់លិចបន្ទប់ក្រោមដីរាប់រយកន្លែងនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។

នគរបាលទីក្រុង Paderborn បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សពី 30 ទៅ 40នាក់បានរងរបួស ហើយយ៉ាងហោចណាស់ 10នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។ នគរបាលបានជំរុញប្រជាជនឱ្យស្នាក់នៅក្នុងលំនៅឋាន ដើម្បីកុំឱ្យរាំងស្ទះដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ ឬបង្កគ្រោះថ្នាក់ដល់ខ្លួនឯង៕
អត្ថបទ៖ ប៊ុនថន