បន្ទាយមានជ័យ៖ លោក Mbuziseller Nelson Saisi ជាអ្នកផលិតមាតិកា (Content Creator) និងជា Influencer ជនជាតិកេនយ៉ាដ៏ល្បីល្បាញម្នាក់ បានអញ្ជើញធ្វើដំណើរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍មួយចំនួនទៅកាន់ពិភពលោក ជាពិសេសតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ (ចាប់ថ្ងៃទី២២ ដល់២៤ ខែតុលា )។
ក្នុងការធ្វើដំណើរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងដំណើរទស្សនកិច្ចនាពេលនេះដែរលោកបានអញ្ជើញចុះទៅភូមិរង់ចាំ ឃុំស្ល ក្រាម ស្រុកស្វាយចេក ដើម្បីស្វែងយល់ពីការរស់នៅរបស់បងប្អូនជនភៀសសឹកនៅក្នុងភូមិទាំង៦ភូមិ ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធារថៃ រំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាមបន្ទាត់ព្រំដែន ដែលធ្វើឱ្យពួកគាត់បាត់បង់ផ្ទះសំបែង ដីធ្លី សាលារៀន ធ្វើឱ្យសិស្សានុសិស្សមិនអាចទៅសិក្សារៀនសូត្រ បាន ដោយយោធារថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់ មិនឱ្យពលរដ្ឋកម្ពុជាចូលទៅរស់នៅបាន។
ជាមួយនឹងការចុះស្វែងយល់ការរស់នៅរបស់បងប្អូនជនភៀសសឹក Mbuziseller Nelson Saisi បានធ្វើការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដែលបានរៀបចំទីតាំងសម្រាប់បងប្អូន ជនភៀសសឹក រស់នៅសមរម្យប្រកបដោយផាសុកភាព ។
ក្នុងដំណើរមកកាន់ខេត្តបន្ទាយមានជ័យ លោក Mbuziseller Nelson Saisi នឹងបន្តដំណើរទៅទស្សនានៅប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក អាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក រួមនឹងតំបន់ទេសចរណ៍មួយចំនួនទៀត មុននឹងចាកចេញពីខេត្តបន្ទាយមានជ័យ បន្តដំណើរទៅបណ្ដាខេត្តផ្សេងៗទៀតនោះ។ ឃិនសារិទ្ធ










