បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្តប្ដេជ្ញាអនុវត្តនូវគោលយោបាយអភិវឌ្ឍមូលដ្ឋាន ដោយកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួម យ៉ាងច្រើនកុះករពីសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ក៏ដូចជាសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ នីមួយៗ ។
សម្ដេចបានបន្តថា ជនរួមជាតិបានឃើញច្បាស់រួចហើយ នូវសកម្មភាពសមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។
សម្ដេចក្រឡាហោម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាអនុវត្តរាល់គោលការណ៍ និងទិសដៅគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបានសម្រេចលទ្ធផលខ្ពស់ បង្កើតជាសមិទ្ធផលធំៗ ថ្មីៗទៀតជូនជាតិ និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប នៅគ្រប់មូលដ្ឋានក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ រួមជាមួយនឹងការគាំទ្រយ៉ាងធំធេងពីប្រជាជន ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ចំណែកការិយាល័យបោះឆ្នោតមានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់ ។ ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានចុះឈ្មោះបោះឆ្នោតមានជាង ៧៣ម៉ឺននាក់ ៕ អត្ថបទ៖ នឿត សុភក្ត្រា




