ភ្នំពេញ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ គឺមានរយៈពេល១ឆ្នាំ នៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
តាមរយៈសារនៅលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសរសេរថា ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃ សេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ - ២៦ តុលា ២០២៦។
សម្ដេចធិបតីបានថ្លែងថា៖«កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី»។
ក្នុងឱកាសខួបមួយឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ សម្ដេចធិបតីបានយកឱកាសនេះដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចិរភាព។
សូមបញ្ជាក់ថា រយៈពេលមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារទឹកដីកម្ពុជាមួយចំនួនដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះមកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ដែលនៅសល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សហគមន៍អន្តរជាតិក៏កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា៕




