ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៦នេះ បានទទួលជួប លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានសសេរឱ្យដឹងថា នាឱកាសជម្រាបលានេះ លោកស្រីតំណាងអង្គការ FAO ប្រចាំកម្ពុជា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដៃគូដ៏ល្អប្រសើរ និងអនុញ្ញាតឱ្យលោកស្រី មានឱកាសដឹកនាំអង្គការ FAO ប្រចាំកម្ពុជា ទទួលបានអនុសាសន៍ល្អៗ និងមានឱកាសផ្តល់ការគាំទ្រផ្តល់នូវគម្រោងជាច្រើន ទាំងថ្នាក់ជាតិ តំបន់ និងសកលលោក ដែលជាការរួមចំណែកដ៏ធំធេងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្នងអំឡុងអាណត្តិរបស់លោកស្រី(២០២២-២០២៦)។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Rebekah Bell ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការផ្តោតលើប្រព័ន្ធកសិស្បៀងអាហារ ខ្សែច្រវាក់តម្លៃកសិកម្ម និងវិស័យសុខភាពតែមួយនិងបសុសត្វ ជាក់ស្តែងថ្មីៗនេះ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ដែលសំដៅតភ្ជាប់ការវិនិយោគជាតិនិងអន្តរជាតិ និងការពង្រឹងកសិពាណិជ្ជកម្ម។
ក្នុងមនោសញ្ចេតនាប្រកបដោយភាពស្និតស្នាល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ លោកស្រី Rebekah Bell ចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងសម្រេចសមិទ្ធផលជាច្រើនប្រកបដោយផ្លែផ្កា និងបានជូនពរ លោកស្រី ទទួលបានលទ្ធផលជោគជ័យបន្ថែមទៀតសម្រាប់ជំហ៊ានបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី




