កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កើន​ឡើង

2026/10/26 02:59:58 pm        102

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និង​ប្រទេសអូស្ត្រាលី នៅថ្ងៃនេះ បានបើកសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័ន​ហិរញ្ញ​វត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មានរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ។

កម្មវិធីរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះ​ស្រាយ​ទឹក​សម្រាប់ថ្ងៃស្អែក” ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហា​ញ​បច្ចេក​វិទ្យា​នវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុង​ការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីក​ការផ្ត​ល់​សេវា​ទឹក​ស្អាត​ដែល​ធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។

សន្និសីទនេះប្រព្រឹត្តិទៅ ខណៈដែលប្រទេសកម្ពុជា និងពិភពលោក​កំពុ​ង​ប្រឈម​នឹង​សម្ពាធ​ប្រភព​ទឹក​។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹក​ជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យ​ទាំង​នេះកើន​ឡើង​ស្រប​ពេល​នឹង​កំណើន​នៃ​តម្រូវ​ការ​សេវា​ទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។

ក្នុង​រយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុង​ការ​ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងកំពុង​បន្ត​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ប្រជា​ជនគ្រប់រូបត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណា ការផ្តល់សេវាទឹក​ស្អាត​ប្រកប​ដោយ​ភាព​ជឿទុ​ក​ចិត្ត តម្លៃសមរម្យ និងនិរន្តរភាព ដល់សហគមន៍នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល  នៅ​តែជាបញ្ហាប្រឈម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង​ថា​ “ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះ​សម្រាប់​សុខភាព​សាធារណៈ​ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។ ខណៈដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​សម្ពាធនៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត និងទឹកជំនន់ ការបន្ត​ជំរុញ​នវានុវត្តន៍ និងភាពជាដៃគូរឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មាន​សារ​សំខាន់​កាន់​តែខ្លាំង ដើម្បីធានាការ​ផ្គត់​ផ្គង់​សេវា​ទឹក​ស្អាត​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​មនុស្ស​ជំនា​ន់​ក្រោយ។”

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “អូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើ​វឌ្ឍនភាព​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ តាមរយៈភាព​ជាដៃគូ​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួល​បានទឹកស្អាតតាមបំពង់ប្រើប្រាស់។ ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវ​ការ​ទឹក​បន្ត​កើនឡើង អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការ​ហិរញ្ញ​ប្បទាន​ប្រកប​ដោយ​និរន្តរភាព ដែលអាចជួយ​ប្រតិបត្តិករ​ផ្គត់​ផ្គង់​សេវា​ទឹក​ស្អាត​ចាំ​បាច់​ទៅ​ប្រជាពលរដ្ឋ​នៅទូ​ទាំង​ប្រទេស​។”

ការគាំទ្ររបស់អូស្ត្រាលីបានជួយឱ្យប្រតិបត្តិករឯកជនពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ទៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយកំពុងបន្តពង្រឹងសមត្ថភាពវិស័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការចែករំលែកបទពិសោធន៍ សន្និសីទនេះក៏ផ្តល់ជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការតាំងបង្ហាញ សិក្សា និងចាប់យកបច្ចេកវិទ្យាថ្មីៗ ពង្រឹងភាពជាដៃគូ និងកំណត់ដំណោះស្រាយជាក់ស្តែង ដែលអាចជួយពង្រីកសេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត និងតម្លៃសមរម្យនៅទូទាំងប្រទេស។”

សន្និសីទនេះរួមមានបទបង្ហាញបច្ចេកទេស និងកិច្ចពិភាក្សា ស្តីពីបច្ចេកវិទ្យាទឹកស្អាតឆ្លាតវៃ ថាមពលស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតដែលមិនមានការបំភាយឧស្ម័ន ភាពធន់នឹងអាកាសធាតុនិងសន្តិសុខទឹក ការគ្រប់គ្រងនិងហិរញ្ញប្បទានសេវាទឹកស្អាតប្រកបដោយនិរន្តរភាព ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យទឹកស្អាតរបស់កម្ពុជា។

នេះជាលើកដំបូង ដែលសន្និសីទរួមបញ្ចូលវេទិកាផ្គូផ្គងអាជីវកម្ម ដែលអនុញ្ញាតឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អ្នកផ្តល់សេវាគាំទ្រនានា និងដៃគូអភិវឌ្ឍន៍ ស្វែងរកភាពជាដៃគូ ឱកាសវិនិយោគ និងដំណោះស្រាយអាជីវកម្ម ដើម្បីពង្រឹងវិស័យទឹកស្អាតបន្ថែមទៀត។

ពិព័រណ៍ទឹកស្អាតក៏បាននាំយកផលិតផល សេវាកម្ម និងបច្ចេកវិទ្យានវានុវត្តន៍ពីស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដែលកំពុងធ្វើការលើការគ្រប់គ្រងទឹកស្អាត ប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវា៕

អត្ថបទដែលទាក់ទង

កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កើន​ឡើង
2026/10/26 02:59:58 pm        1
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ FAO នៅតែបន្តពង្រឹង ទោះបីជាមានការផ្លាស់ប្តូរអាណត្តិថ្នាក់ដឹកនាំ
2026/10/26 02:44:31 pm        1
មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង
2026/10/26 02:33:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤

2026/10/26 03:14:04 pm
​កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កើន​ឡើង
2026/10/26 02:59:58 pm
​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ FAO នៅតែបន្តពង្រឹង ទោះបីជាមានការផ្លាស់ប្តូរអាណត្តិថ្នាក់ដឹកនាំ
2026/10/26 02:44:31 pm
​មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង
2026/10/26 02:33:29 pm
​ប្រធានសមាគមអំពាវនាវដល់អ្នកចិញ្ចឹមសត្វ ពង្រីកផលិតកម្មទៅរកការ​កែច្នៃ ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹមសត្វ​ នៅកម្ពុជា
2026/10/26 02:15:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm