បន្ទាយមានជ័យ៖ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដា្ឋនស្រុកមង្គលបូរី និងជាប្រធានក្រុមការងារបក្សចុះមូលដា្ឋនឃុំចំណោម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខឥតងាករេ បន្តបង្កើន និងពង្រីកនូវសមិទ្ធផលគ្រប់ទីកន្លែង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ក្នុងពិធីបើកកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បោន ប៊ិន មានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផល ដែលសម្រេចបាន នាពេលបច្ចុប្បន្ន គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើពលីកម្មដ៏ធំធេង និងមានការចូលរួមមិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិមាតុភូមិ ។
ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តខិតខំការពារថែរក្សាសន្តិភាព និងសមិទ្ធផលដ៏ថ្លៃថ្លា ដែលបានមកដោយលំបាកក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ។
ជាមួយនេះ ឯកឧត្តម បោន ប៊ិន បានជំរុញដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ពិសេសបន្តឆ្ពោះទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០២៣ នាពេលខាងមុខផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តបោះឆ្នោតគាំទ្របេក្ខជនមេឃុំ និងចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន ៕





