កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ក្នុងបើកយុទ្ធនាកាឃោសនាបោះឆ្នោតរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តីទី៥ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧ្តមបណ្ឌិត ជា ចាន់តូ មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើស គណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយដែលត្រឹមត្រូវ មានន័យថា បានចូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម បានបន្តថា ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក ដោយក្នុងរយៈពេលនេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ។
ឯកឧត្តម ជា ចាន់តូ បានបន្ថែមថា ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទៈប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត ។
ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ថា បេក្ខភាពមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមមូលដ្ឋានដែលខ្លួនដឹកនាំ ដូចនេះពលរដ្ឋទាំងអស់ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ៕




