ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ បានឈានដល់វគ្គសំខាន់ខិតជិតរកឃើញម្ចាស់ពានហើយ បន្ទាប់ពីដំណើរការប្រកួតជម្រុះជាច្រើនសប្ដាហ៍ ស្របពេលបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវរកឃើញនៅថ្ងៃទី២៨ ខែតុលាស្អែកនេះ តាមរយៈការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២។

សម្រាប់កម្មវិធីប្រកួតកាត់សេចក្ដីនេះដែរ ក្រុមបាត់ដំបងយូណាយធីត នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបាល់ទាត់ខេត្តកោះកុងវិញម្ដង នៅទីលានសាកលវិទ្យាល័យបាត់ដំបង ក្រោយទទួលបានជ័យជម្នះក្រៅដី ១-០ នៅខេត្តកោះកុង និងសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវស្វាគមន៍ក្រុមភ្ញៀវខេត្តព្រះសីហនុ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នាវេលាម៉ោង ៣៖១៥នាទីរសៀលដូចគ្នា នាថ្ងៃពុធសប្ដាហ៍នេះ ដ្បិតជើងទី១ ត្បូងឃ្មុំ បានយកឈ្នះក្រៅដី ៣-២។
នេះគឺជាការប្រកួតប្រជែងដ៏សំខាន់សម្រាប់បេក្ខភាព ៤ក្រុមចុងក្រោយ ពិសេសក្រុមភ្ញៀវ ដែលកំពុងចាញ់ប្រៀប ១គ្រាប់ បើធៀបនឹងក្រុមម្ចាស់ផ្ទះ ។ យ៉ាងណាការប្រកួតនៅសល់ ៩០នាទីទៀត ហើយក្រុមនីមួយៗ សុទ្ធតែបានត្រៀមខ្លួនយ៉ាងមុតមាំ ជាមួយការគោរពនូវគូប្រជែងជានិច្ច ជាក់ស្ដែងក្រោយចប់ជើងទី១ តំណាងក្រុមអតីតក្រុមជើងឯក ២សម័យ ត្បូងឃ្មុំ ថា ក្រុមមិនអាចធ្វេសប្រហែល ហើយរឹតតែមិនអាចមើលស្រាលគូប្រកួត ព្រោះព្រះសីហនុ ជាក្រុមសំណាង ដែលអាចមានឱកាសវាយបកឈ្នះវិញ បើសិនក្រុមមិនខិតខំប្រឹងប្រែង និងត្រៀមខ្លួនឲ្យបានល្អ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយគ្រោងជួបគ្នានាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋានភ្នំពេញក្រោន ដើម្បីដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ។ ប៉ុន្ដែ ១ថ្ងៃមុនជំនួបដណ្ដើមពានប្រចាំឆ្នាំនេះ ក្រុមចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅកីឡដ្ឋានភ្នំពេញក្រោនដូចគ្នា៕ អត្ថបទ លី ឈុនឡា
