ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ លោក ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង បានដឹកនាំសមាជិក សមាជិកាបក្សរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានសង្កាត់នីមួយៗ។
សូមជម្រាបជូនថា នៅថ្ងៃទី២១ឧសភានេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បណ្ដាបក្សនយោបាយនានាដែលបានដាក់ឈ្មោះចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនេះបាននិងកំពុងធ្វើសកម្មភាពឃោសនាពីគោលនយោបាយរបស់ខ្លួននៅតាមទីសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។
គួររម្លឹកផងដែរថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ គិតចាប់ ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម៕










