គ្រូបង្រៀនដែលបានប្រឡងជាប់ផ្ទេរ ពីតាមបណ្តាខេត្ត ចូលមកភ្នំពេញ បច្ចុប្បន្នបានបង្ហាញខ្លួន នៅតាមសាលារៀនដែលខ្លួននឹងបំពេញការងារ។ បង្ហាញខ្លួន ភ្ជាប់ជាមួយការតាំងចិត្ត ដែលនឹងរួមចំណែកជួយបំពេញកាតព្វកិច្ចបង្រៀនសិស្សសម្រាប់ទីតាំងសាលារៀនថ្មី។

គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែតុលានេះ វត្តមានគ្រូបង្រៀនដែលបានប្រឡងជាប់ផ្ទេរពីតាមបណ្តាខេត្តមកភ្នំពេញ បានមកបង្ហាញវត្តមាននៅតាមសាលារៀនដែលខ្លួននឹងបំពេញការងារហើយ។ បង្ហាញវត្តមាន ជួបជាមួយគណៈគ្រប់គ្រងសាលាថ្មី សិក្សាពីបទបញ្ជាផ្ទៃក្នុងសាលានានា ស្គាល់ពីបរិស្ថានជុំវិញរបស់សាលា ស្គាល់ពីបន្ទប់រៀន និងចាប់ផ្តើមស្គាល់សិស្សជាបណ្តើរៗ។
ជាការចាប់អារម្មណ៍ សម្រាប់សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ដង្កោ នៅក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ ទទួលបានគ្រូបង្រៀនចំនួន ១៣រូបបន្ថែម ដើម្បីមកជួយលើការងារបង្រៀន។ សាលាបឋមសិក្សាមួយនេះ ជា សាលាមួយស្ថិតក្នុងចំណោមសាលាជាច្រើនទៀត ដែលជួបបញ្ហាខ្វះគ្រូជាច្រើនឆ្នាំមកហើយ។
វត្តមានលោកគ្រូ អ្នកគ្រូទាំង ១៣ រូប ដែលនឹងមកបង្រៀននៅសាលាបឋមសិក្សាមួយនេះ គឺមានប្រភពមកពីបណ្តាខេត្តផ្សេងៗគ្នា។ មកពីខេត្តផ្សេងគ្នាពិតមែនក្តី តែការមកផ្លាស់មកបង្រៀននៅទីតាំងសាលាថ្មីរួមគ្នានេះគឺពួកគាត់មានការប្តេជ្ញាចិត្តរួមគ្នា គឺការបំពេញកាតព្វកិច្ចការបង្រៀនសិស្សឱ្យអស់ពីសមត្ថភាព។ ពួកគាត់មានគោលដៅរួម គឺ ចង់ឃើញកុមាររីកចម្រើន ចង់ឃើញសង្គមជាតិកម្ពុជា កាន់តែរីកចម្រើន។
នៅក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជាច្រើនក្នុងការដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនទូទាំងប្រទេស។ ជាក់ស្តែង ក្រសួងមានការរៀបចំការប្រឡងផ្ទៃក្នុង សម្រាប់គ្រូក្រប ខណ្ឌ អាចប្រឡងផ្ទេរមកបង្រៀននៅរាជធានីភ្នំពេញ បន្ទាប់មកក្រសួងមុខងារ បានរៀបចំការប្រឡងជ្រើសរើសគ្រូ បង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ដោះស្រាយបញ្ហាខ្វះគ្រូ អនុវិទ្យាល័យ និងវិទ្យាល័យ។ នៅថ្ងៃទី ២៨ ខែតុលាខាងមុខ ក្រសួងមុខងារសាធារណៈ ក៏នឹងរៀបចំការប្រឡងជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា។ ការប្រឡងគ្រូបឋមសិក្សានាពេលខាងមុខ ជាការប្រឡងធំមួយ ដែលនឹងមានបេក្ខជនចប់ បរិញ្ញាបត្រជាង ២ម៉ឺននាក់នឹងចូលរួមប្រឡង៕ អត្ថបទ៖ គឹមហុក




