កោះកុង ៖ ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកោះកុង មានប្រសាសន៍ថា ក្បួនឃោសនារកសំឡេងឆ្នោតនាពេលនេះ គឺបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញទៅកាន់ប្រជាពលរដ្ឋជ្រាបពីសារគោលនយោបាយរបស់គណបក្ស។
ក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម ប៊ុន លើត បានបន្ថែមទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនសង្គមជាតិគ្រប់វិស័យ។
ដោយឡែកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏អំពាវនាវដល់សមាជិក-សមាជិការបស់ខ្លួន ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងរក្សានូវភាពថ្លៃថ្នូរ វិន័យ ជៀសវាងការកើតនូវអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសន្តិសុខសណ្តាប់ធ្នាប់។
លោកជំទាវ បន្ថែមទៀតថា ជនរួមជាតិបានឃើញច្បាស់ហើយរាល់សមិទ្ធផលដែលកើតមានសព្វថ្ងៃនេះ ដោយកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។
ខេត្តកោះកុងមានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ៧៣.១៣៤នាក់ និងការិយាល័យបោះឆ្នោត ១៨៧ការិយាល័យ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ៊្វុនស៊ិនប៉ិច៕អត្ថបទ៖ ឈឹម មករា










