ក្រសួងទេសចរណ៍ ដៃគូម្ចាស់ជំនួយ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាជីវកម្មទេសចរណ៍ និងដៃគូនានាទៀត បានសហការជំរុញកាត់បន្ថយគម្លាត ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនយុវជន និងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្តល់ឱកាសការងារជូនយុវជន។

នៅក្នុងពិភាក្សាពង្រឹងកិច្ចសហការសម្រាប់កម្លាំងពលកម្មជំនាញ និងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ថ្ងៃទី២៧ ខែតុលានេះ ក្រុមអ្នកជំនាញមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានត្រូវការកម្លាំងពលកម្ម និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនជាដើម គួរត្រូវពង្រឹងអភិបាលកិច្ចសហការ បង្កើនការទំនាក់ទំនង ពិភាក្សាកាត់បន្ថយគន្លាត និងដោះស្រាយអំពីតម្រូវការនានារបស់អាជីវកម្ម ការពង្រីកសមត្ថភាពបណ្តុះបណ្តាលជំនាញ និងការផ្តល់ឱកាសការងាររបស់យុវជនជាដើម ដើម្បីធនាថា អាជីវកម្មទទួលបានធនធានមនុស្សមានសមត្ថភាពជំនាញការងារខ្លាំង និងជំរុញអាជីវកម្មមានភាពរីកចម្រើន ផ្តល់សេវាកម្មមានគុណភាពខ្ពស់។

នៅក្នុងឱកាសប្រារព្វពិធីបិទ ទិវាជំនាញហូកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងគម្រោងហូកា អង្គការដៃគូម្ចាស់ជំនួយ មន្ទីរទេសចរណ៍តាមខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងស្មារតីម្ចាស់ការ នវានុវត្តន៍ និងកិច្ចសហការ ដើម្បីពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ឱ្យកាន់តែឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងបង្កើតឱកាសអាជីពកាន់តែប្រសើរសម្រាប់យុវជន និងអ្នកប្រកបវិជ្ជាជីវៈទេសចរណ៍។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៦, គម្រោងហូកា បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព យុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច សរុប ១០.៤៨៨នាក់ និងបានពង្រីកវិសាលភាពរហូតដល់ ១៦ ខេត្តគោលដៅ។
ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងឧស្សាហកម្ម ដើម្បីធានាថា ការអភិវឌ្ឍជំនាញត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសការងារ និងការរីកចម្រើនក្នុងអាជីពសម្រាប់អ្នកប្រកបវិជ្ជាជីវៈទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា

