ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Bayern Munich បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់ Ballon d’Or ចាប់តាំងពី Michael Owen ឈ្នះពាននេះក្នុងឆ្នាំ២០០១ បន្ទាប់ពីត្រូវបានប្រកាសជាកីឡាករល្អបំផុតក្នុងពិធីប្រគល់ពាននៅទីក្រុងឡុងដ៍។

Kane ដែលមានវ័យ ៣៣ ឆ្នាំ បានក្លាយជាកីឡាករអង់គ្លេសទី៥ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ កីឡាករអង់គ្លេសមុនៗដែលធ្លាប់ឈ្នះរួមមាន Stanley Matthews ក្នុងឆ្នាំ១៩៥៦, Bobby Charlton ក្នុងឆ្នាំ១៩៦៦ និង Kevin Keegan ក្នុងឆ្នាំ១៩៧៨ និង១៩៧៩។
ចំណែកកីឡាករមកពីចក្រភពអង់គ្លេសផ្សេងទៀតដែលធ្លាប់ឈ្នះពាននេះមាន Denis Law របស់ស្កុតឡែនក្នុងឆ្នាំ១៩៦៤ និង George Best របស់អៀរឡង់ខាងជើងក្នុងឆ្នាំ១៩៦៨។
អ្វីដែលធ្វើឱ្យការឈ្នះពានរបស់ Kane កាន់តែអស្ចារ្យ គឺទម្រង់លេងដ៏មុតស្រួចរបស់គេក្នុងរដូវកាល ២០២៥-២៦ ដោយរកបាន ៦១ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥១ ប្រកួតឱ្យ Bayern Munich ដែលជាកំណត់ត្រាស៊ុតបញ្ចូលទីខ្ពស់បំផុតរបស់កីឡាករ Bayern ក្នុងមួយរដូវកាល។
បើរាប់បញ្ចូលការប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេសផងនោះ Kane រកបានសរុប ៧៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៨ លើក ក្នុងការបង្ហាញខ្លួន ៦៥ ប្រកួត។
ទោះបីជាយ៉ាងណា ការឈ្នះពាន Ballon d’Or របស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កើតឡើងទាំងដែលរូបគេមិនបានឈ្នះពានធំៗទាំងពីររបស់ពិភពបាល់ទាត់កាលពីរដូវកាលមុន ដោយ Bayern Munich បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងក្នុងព្រឹត្តិការណ៍ World Cup និង Champions League។
គួរឱ្យកត់សម្គាល់ Kane ក៏បានក្លាយជាកីឡាករដំបូងរបស់ Bayern Munich ដែលឈ្នះពាន Ballon d’Or ចាប់តាំងពី Karl-Heinz Rummenigge ក្នុងឆ្នាំ១៩៨១។
នៅក្នុងក្របខ័ណ្ឌ Bundesliga Kane បានឈ្នះតំណែងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ដោយរកបាន ៣៦ គ្រាប់ និងនាំមុខគូប្រជែងរហូតដល់ ១៧ គ្រាប់។ ក្នុងពាន Champions League រូបគេរកបាន ១៤ គ្រាប់ ទោះបីជា Bayern Munich ត្រូវធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។
ចំណែកក្នុងពានរង្វាន់ German Cup គេរកបាន ១០ គ្រាប់ ក្នុងនោះមានការស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងជ័យជម្នះ ៣-០ លើ Stuttgart នៅវគ្គផ្តាច់ព្រ័ត្រ។ Kane ក៏រកបានមួយគ្រាប់បន្ថែមទៀតក្នុងពាន German Super Cup ផងដែរ។
កំណត់ត្រាទាំងនេះបានធ្វើឱ្យ Kane ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកបានគ្រាប់បាល់ច្រើនបែបនេះក្នុងមួយរដូវកាលសម្រាប់ Bayern Munich ដែលជាក្លិបធ្លាប់មានខ្សែប្រយុទ្ធឆ្នើមៗជាច្រើន ដូចជា Gerd Muller, Karl-Heinz Rummenigge និង Robert Lewandowski។
ជាមួយគ្នានេះ គ្រាប់បាល់ ១២ គ្រាប់ដែល Kane រកបានឱ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងរដូវកាលមុន រួមទាំង ៦ គ្រាប់នៅ World Cup បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គេកើនដល់ ៧៣ គ្រាប់។
ទោះជាយ៉ាងណា កំណត់ត្រានេះនៅមិនទាន់អាចបំបែកឯកត្តកម្មរបស់ Lionel Messi បាននៅឡើយទេ។ អតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះធ្លាប់រកបានរហូតដល់ ៨២ គ្រាប់ ឱ្យ Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងរដូវកាល ២០១១-១២។
ចំណែកកីឡាករផ្សេងទៀតដែលធ្លាប់រកគ្រាប់បាល់បានច្រើនក្នុងមួយរដូវកាល រួមមាន Gerd Muller ៧២ គ្រាប់ក្នុងរដូវកាល ១៩៧២-៧៣, Cristiano Ronaldo ៦៦ គ្រាប់ក្នុងរដូវកាល ២០១១-១២ និង ២០១៤-១៥, Ronaldo Nazário ៦៦ គ្រាប់ក្នុងរដូវកាល ១៩៩៦-៩៧, Erling Haaland ៦៤ គ្រាប់ក្នុងរដូវកាល ២០២២-២៣ និង Luis Suarez ៦៤ គ្រាប់ក្នុងរដូវកាល ២០១៥-១៦៕ អត្ថបទ៖នាង សុភាវុធ


