គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យការងារ សំដៅធ្វើបច្ចុប្បន្នភាព ទៅលើឯកសារគោលនយោបាយដំណាក់កាលមុនដែលបានបញ្ចប់ និងតម្រង់ទិសគោលនយោបាយក្នុងការ អភិវឌ្ឍវិស័យទាំងនេះសម្រាប់រយៈពេល ១០ ឆ្នាំទៅមុខ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦, បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើរបៀបវារៈពាក់ព័ន្ធវិស័យឧស្សាហកម្ម និងវិស័យការងារចំនួន៣រួមមាន៖ «សេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២៦-២០៣៥», «សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេក ទេស និងវិជ្ជាជីវៈឆ្នាំ២០២៦-២០៣៥» និង «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០២៦-២០៣៥»។ សេចក្តីព្រាងគោលនយោបាយទាំងនេះ សំដៅធ្វើបច្ចុប្បន្នភាព ទៅលើឯកសារគោលនយោបាយដំណាក់កាលមុនបានបញ្ចប់ និងជា ការតម្រង់ទិសគោលនយោបាយក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការងារនៅកម្ពុជា សម្រាប់រយៈពេល១០ឆ្នាំទៅមុខ ។
សេចក្ដីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងដោយក្រុម ការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម និងជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និងភាពធន់ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, សមាហរណកម្មទៅក្នុងបណ្តាញ ផលិតកម្មតំបន់ និងលើកកម្ពស់ការតភ្ជាប់និងសមត្ថភាពឧស្សាហកម្មក្នុងស្រុក»។ សេចក្តីព្រាងគោលនយោបាយនេះ កំណត់គោល បំណងចំនួន៤រួមមាន៖ ១)-បង្កើនការវិនិយោគដែលមានគុណភាពនិងបង្កើតការងារដែលមានជំនាញ បច្ចេកវិទ្យា ផលិតភាពខ្ពស់ ជាងមុខនិងប្រាក់ចំណូលប្រសើរ; ២)-រក្សានិងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង; ៣)-កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាពនៃវិស័យឧស្សាហកម្មផ្សេងៗទៀត; និង ៤)-តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធឱ្យមានភាពត្រៀមខ្លួនរួចរាល់ សម្រាប់និន្នាការអនាគត, មានភាពធន់នឹងបរិស្ថាន និងការ គ្រប់គ្រងផលប៉ះពាល់បរិស្ថានឧស្សាហកម្ម។
ចំណែកសេចក្តីព្រាង «គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៦-២០៣៥» និងសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០២៦-២០៣៥» ដែលរៀបចំឡើងដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យកសាងកម្លាំងពលកម្មដែលមានជំនាញ សម្បទាការងារ សម្បទានៃភាពបត់បែន ដោយឆ្លើយតបទៅនឹងការ ប្រែប្រួលតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីបង្កើនផលិតភាពការងារ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ ភាពប្រកួតប្រជែងជាតិបង្កើតការងារសមរម្យនិងបង្កើនប្រាក់ចំណូល។
សេចក្តីព្រាងគោលនយោបាយនេះ បានកំណត់គោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធីវេត (TVET) ឱ្យមានគុណភាពភាព ឆ្លើយតបបរិយាបន្ន និងការតម្រង់ទិសទៅអនាគត តាមរយៈការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ។ ដោយ ឡែកសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ មានចក្ខុវិស័យកសាង និងអភិវឌ្ឍទីផ្សារការងារកម្ពុជា ដែលមាន ភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានមុខរបរ មានប្រាក់ចំណូលខ្ពស់ជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី







