បាត់ដំបង៖ ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ លោក គុន វិភា អគ្គាធិការរង សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់ផលិតផលទេសចរណ៍ ជាពិសេសក្នុងវិស័យម្ហូបអាហារ ក្រសួងទេសចរណ៍ក្នុងនាមសមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រតិបត្តិករទេសចរណ៍ ស្តីពីការការពារ ទប់ស្កាត់ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទាំងផលិតផលខូចគុណភាព ការក្លែងបន្លំម៉ាក និងផលិតផលហួសសុពលភាពជាដើម។
លោក ហម អរុណ សង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាកត្តាសំខាន់ខ្លាំងណាស់ព្រោះម្ហូបអាហារជាគុណតម្លៃក្នុងវិស័យទេសចរណ៍ ដូច្នេះការចុះអប់រំផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបងមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងបន្តពហិកាទំនិញរបស់ថៃ។
លោក ហម អរុណ បញ្ជាក់ថាក្នុងនាមក្រុងបាត់ដំបងជាសមាជិកទីក្រុងដែលមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ ម្ចាស់អាជីវកម្មទេសចរណ៍ប្ដេជ្ញាធ្វើយ៉ាងធានាឱ្យម្ហូបអាហារមានរសជាតិ គុណភាព និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរ៕




