សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ខណៈបច្ចុប្បន្នមានសាលារៀនចំនួន ១៦១សាលាហើយកំពុងអនុវត្តវិធានការគន្លឹះលើការអប់រំនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹក នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ក្នុងនោះវិធានការគន្លឹះរួមមាន ៖ ទី១ ការធ្វើអភិបាលកិច្ចសាលារៀន (ពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន)។ ទី២ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ទី៣ ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, និងទី៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
សម្ដេចធិបតីបានថ្លែងថា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងចំនួបរវាងសម្ដេចជាមួយ លោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា កាលពីម្សិលមិញ សំណួរតែមួយដែលសម្ដេចបានសួរ គឺចីរភាពនៃការងារ និងការចូលរួមដោយស្ម័គ្រចិត្តនូវកម្មវិធី និងរូបមន្តថ្មី។ សម្ដេចបន្តថា រដ្ឋាភិបាល ក្រសួងអប់រំដាក់បទបញ្ជាជារឿងមួយ ប៉ុន្ដែបើមិនមានការចូលរួមពីនាយក ពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង ពីសិស្ស ពីឪពុកម្ដាយទេ គឺមិនមានចីរភាពទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សាលាបឋមសិក្សាវត្តបូព៌ មិនមែនត្រឹមតែជាសាលាមួយដែលល្បីនៅក្នុងខេត្តទេ តែល្បីនៅទូទាំងប្រទេស ព្រោះនាយកសាលាពូកែធ្វើការផ្សព្វផ្សាយ និងទំនាក់ទំនង ប៉ុន្ដែនៅទូទាំងប្រទេសមិនមែនមានតែសាលាបឋមសិក្សាវត្តបូព៌ទេ មានសាលាច្រើនដែលមានគំរូល្អបែបនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកឡើងថា មុនពេលដែលរាជរដ្ឋាភិបាលដាក់ចេញ កម្មវិធី សាលារៀនគោលដៅ អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ សម្ដេចបានឱ្យក្រុមការងារជំនាញទៅស្រាវជ្រាវឃើញមានសាលារៀនដែលមានភាពជាគំរូច្រើន ក្នុងនោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងឪពុកម្ដាយបានចូលរួមអនុវត្តកម្មវិធីអប់រំ និងអនុវត្តរូបមន្តដោយស្ម័គ្រចិត្តដោយគ្មានការចំណាយថវិកាឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មានសាលារៀនមួយនៅខេត្តស្វាយរៀង ពីសាលាដែលឪពុកម្ដាយអត់ចង់ឱ្យកូនមករៀន មកពីសាលាមានវិន័យលំបាក ហើយគ្រូនាយកឡើងទៅធ្វើគ្មានថវិកាថែមទៀត រួមទាំងអត់សហគមន៍ ប៉ុន្ដែនាយកសាលានៅតែបន្តពង្រឹង និងខិតខំធ្វើ ចុងក្រោយឪពុកម្ដាយបកមកជួយដល់សាលាវិញ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា៖«គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្ដង់ដាពីរនៅក្នុងសាលារបស់រដ្ឋនោះទេ ប៉ុន្ដែត្រូវរកវិធីសាស្រ្ដដែលល្អដើម្បីឱ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព និងជាសាលាដែលជាគំរូគ្រប់សាលាទាំងអស់ នេះគឺជាគោលដៅ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ យើងត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស។ សម្ដេចបន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដាច្រើនម៉្លេះ មានជំនាន់ថ្មីផង មានសាលាគំរូផង តាមពិតមិនមានទេ គឺមានតែ «សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស» នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៤ សំដៅលើកកម្ពស់គុណភាពអប់រំនៅតាមសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីប្រែក្លាយសាលារៀននៅទូទាំងប្រទេសឱ្យទៅជា «សាលារៀនគំរូ»។ គោលដៅចម្បងនៃកំណែទម្រង់នេះ គឺដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង វិន័យ សីលធម៌ និងគុណធម៌របស់សិស្សានុសិស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្ស៕
