សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹក នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី បានក្រើនរំលឹកដល់សិស្សថា ក្រោយបញ្ចប់បាក់ឌុប គឺឈានចូលផ្លូវបំបែក ដែលត្រូវមានម្ចាស់ការលើជីវិត មិនអាចពឹងផ្អែកលើឪពុកម្តាយបន្តទៀតទេ។ សម្តេចធិបតីបានរំលឹកពីកាលសម្ដេចលួចស្តាប់ឮការផ្តាំផ្ញើរបស់ឪពុក គឺសម្តេចតេជោឱ្យគេជួយមើលថែ បើសិនសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំឭកថា ពេលនោះអាយុ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
ក្នុងឱកាសនោះ សម្តេចធិបតីផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
សម្តេចធិបតីបានផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។ សម្តេចក៏បានផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវចៀសវាងការប៉ះពាល់គ្រឿងញៀន ហើយត្រូវចេះហាត់ប្រាណ ដើម្បីជួយដល់សុខភាព។
សម្តេចធិបតីថ្លែងថា៖«កុំបោះបង់ជីវិត ព្រោះតែទាមទារម៉ូតូ ទូរស័ព្ទ...ពីឪពុកម្តាយមិនបាន»។
ក្នុងឱកាសនោះសម្តេចធិបតី ក៏បានលើកទឹកចិត្តដល់សិស្សដែលបញ្ចប់បាក់ឌុប ត្រូវរៀនម្ចាស់ការ និងរៀនរស់ដោយខ្លួនឯង មិនត្រូវបន្តរស់ពឹងផ្អែកលើឪពុកម្តាយ។ សម្តេចផ្តល់ដំបូន្មានដល់សិស្សកុំសម្ភារៈនិយម និងត្រូវការរកប្រាក់បានចាយវាយដោយខ្លួនឯង គឺជារឿងមោទនភាព។ សម្តេចបានណែនាំឱ្យប្រាក់ដែលរកបាន ដោយខ្លួនឯងលើកដំបូង គួរដាក់ស៊ុមរក្សាទុក ដើម្បីទុកជាការលើកទឹកចិត្តខ្លួនឯង។
សម្តេចធិបតីផ្តល់ដំបូន្មានដល់សិស្សនិទ្ទេស A ឱ្យបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រជាប់ជាប្រចាំ។ មិនអាចអឿខ្លួនជានិទ្ទេស A នោះទេ៕










