ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងដាក់ទិសដៅពង្រីកអគារសិក្សា និងគ្រូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងការសិក្សារបស់សិស្ស ខណៈបានបង្ហាញមោទនភាពចំពោះការរីកចម្រើនវិស័យអប់រំរបស់កម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះ ដែលងើបចេញពីបាតដៃទទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងអំពីកង្ខះខាតក្នុងវិស័យអប់រំដែលជាចម្បងគឺអគារសិក្សា និងគ្រូ ដែលរាជរដ្ឋាបាននិងកំពុងគិតគូរបំពេញបបន្ថែម ហើយរាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់ពង្រីកសាលាបន្ថែមទៀត រួមទាំងជ្រើសរើសគ្រូបង្រៀនថ្មីបន្ថែមទៀតផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា គឺសម្ដេចតេជោ បានជំរុញការកសាងពង្រីក រុញទៅតាមគ្រប់ឃុំទាំងអស់។ ឥឡូវ រាជរដ្ឋាភិបាលដាក់ទិសដៅជំរុញពង្រីកអគារសិក្សានៅថ្នាក់អនុវិទ្យាល័យ ដើម្បីជំរុញប្រសិទ្ធភាពការបង្រៀន ព្រោះថ្នាក់រៀនខ្លះ មួយថ្នាក់៨០នាក់ឯណោះ ខ្លះច្រើនជាងនេះទៀត។ មួយថ្នាក់លើស៥០នាក់តិចតួច ប្រសិទ្ធភាពសឹងតែថយហើយ។ និយាយពីវិស័យអប់រំ គឺបញ្ហាសព្វថ្ងៃមានពីរ ១- ខ្វះអគារ ២- ខ្វះគ្រូ។ ឥឡូវរាជរដ្ឋាភិបាលកំពុងឱ្យក្រសួងធ្វើបច្ចុប្បន្នភាព ថាតើសាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗ មានសិស្សប៉ុន្មាន អគារថ្នាក់រៀនប៉ុន្មាន? សមមាត្ររវាងសិស្ស និងបន្ទប់? យើងខិតខំធ្វើហើយ តែល្បឿនយឺតជាងប្រជាជន។ សាលារៀនទាំងអស់មានគំរូតែមួយស្ដង់ដាតែមួយ ធ្វើនៅក្រុង១០ម៉ឺន នៅខេត្ត១០ម៉ឺន ដើម្បីពន្លឿនកិច្ចការងារពង្រាយសាលា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានកែសម្រួល ពង្រឹងវិស័យអប់រំ តាំងពីអត់អីមកបានប៉ុណ្ណេះ និងកំពុងបន្តវាយតម្លៃជាប្រចាំ កែទម្រង់ជាប្រចាំ ជាពិសេស ក្នុងដំណាក់កាលដែលពិភាពលោកដើរកាន់តែលឿន សូម្បីប្រទេសមហាអំណាចក៏កំពុងវាយតម្លៃកែសម្រួលប្រព័ន្ធអប់រំដែរ ។ បណ្ដាប្រទេសអាស៊ាន ក៏កំពុងធ្វើ ប្រព័ន្ធដែលដើរ១០-២០ឆ្នាំហើយ ឥឡូវវាលែងដើរ ដើម្បីឱ្យទាន់សភាពការណ៍ត្រូវកែ។ បើយើងឈប់គឺចប់ហើយ៕អត្ថបទ៖ យន់ វ៉ាន់





