ភ្នំពេញ៖ អ្នកនយោបាយថ្កោលទោសចំពោះសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានបង្កើតរដ្ឋសភាខ្មែរក្រៅប្រទេសដោយខុសច្បាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដែលជាអង្គការចាត់តាំង ជាស្ថាប័នខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មិនស្របតាមរបបលទ្ធិប្រជាធិបតេយ្យ មិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរ បានថ្លែងថា សកម្មភាពខុសច្បាប់របស់ក្រុមឧទ្ទាមដែលបានប្រកាសបង្កើតសភាខុសច្បាប់នៅក្រៅប្រទេស គឺផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។ ក្នុងនាមគណបក្សនយោបាយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលជាទង្វើទុច្ចរិតខាងនយោបាយ និងមានចេតនាញុះញង់ប្រជាពលរដ្ឋក្នុងឧបាយកលដ៏ខ្មៅកង្វក់ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ហើយស្នើសុំរដ្ឋាភិបាលចាត់វិធានការតាមច្បាប់ទៅលើក្រុមឧទ្ទាមក្រៅច្បាប់។
ឯកឧត្តមបញ្ជាក់ថា ៖ “ក្នុងនាមគណបក្សនយោបាយចេញនៅញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់នេះដែលជាទង្វើមួយទុច្ចរិតខាងនយោបាយ និងមានចេតនាញុះញង់ដល់ប្រជាពលរដ្ឋក្នុកម្ពុជាងឧបាយកលដ៏ខ្មៅកង្វក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ហើយស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានការតាមច្បាប់ទៅលើជនក្រៅច្បាប់ទាំងអស់នេះ។ យើងប្រឆាំងនឹងសកម្មភាពដ៏គឃ្លើនម្តងហើយម្តងទៀតរបស់ក្រុមនេះផងដែរ”។

ចំណែឯកឧត្តម គង់្គ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា ទង្វើរបស់ក្រុមឧទ្ទាមដែលបានបង្កើតរដ្ឋសភាដោយខុសច្បាប់ គឺខុសច្បាប់ទាំងស្រុង ខុសទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសខុសនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសថ្កោលទោសចំពោះក្រុមឧទ្ទាមមួយដំបរស្វាដែលតែងតែញុះញង់ ប្រព្រឹត្តអំពើថោកទាបដើម្បីបំផ្លាញខ្មែរ និងចង់ផ្តួលរំលំរដ្ឋាភិបាល ដែលប្រជាពលរដ្ឋមានការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ប្រធានព្រឹទ្ធសភា។
ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានបញ្ជាក់ថា “ក្រុមឧទ្ទាមបង្កើតបញ្ហាម្តងហើយម្តងទៀតបង្កើតបញ្ហាធ្វើឲ្យវិនាសអន្តរាយ ធ្វើឲ្យខ្មែរលែងទុកចិត្តគ្នា នេះគឺជាទង្វើមួយដែលយើងមិនអាចលើកលែងទោសបានទេ។ ហើយក៏ស្នើសុំរាជរដ្ឋាភិបាលមានចំណាត់ការទៅលើក្រុមឧទ្ទាមទាំងនេះ និងសូមអំពាវនាវដល់ខ្មែរគ្រប់និន្នាការកុំឲ្យចាញ់កលក្រុមឧទ្ទាមប៉ុន្មានដំបរស្វានេះ សូមឲ្យជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សូមអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលបុគ្គលទុច្ចរិតប៉ុន្មាននាក់នេះ រួមគ្នាជាមួយរាជរដ្ឋាភិបាលកសាងប្រទេសឲ្យមានការរីកចំរើនរុងរឿង”។
ទាក់ទងការបង្កើតរដ្ឋសភាខ្មែរក្រៅប្រទេស រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើត «រដ្ឋសភាខុសច្បាប់» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយចាត់ទុកទង្វើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ជាមួយគ្នានេះ រដ្ឋសភាសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស មេត្តាប្រុងប្រយ័ត្នខ្ពស់កុំចាញ់ឧបាយកលញុះញង់ និងបន្តរក្សាសាមគ្គីភាព និងការជឿជាក់លើរាជរដ្ឋាភិបាល សភា និងថ្នាក់ដឹកនាំកំពូល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសជាតិមានសុខសន្តិភាព វិបុលភាព និងកិត្យានុភាពលើឆាកអន្តរជាតិជានិច្ចនិរន្តរ៍៕ អត្ថបទ៖ វង្ស សុភាព
