ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានស្វាគមន៍ចំពោះការគ្រោងបើកដំណើរការជើងហោះហើរអន្តរជាតិថ្មីចំនួនពីរ មកពីសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)។ ជើងហោះហើរទាំងនេះនឹងជួយគាំទ្រដល់កំណើនវិស័យទេសចរណ៍របស់កម្ពុជានិងការពង្រឹងបណ្តាញតភ្ជាប់អន្តរជាតិ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ថា ការបើកដំណើរការជើងហោះហើរអន្តរជាតិថ្មីទាំងពីរនេះ រួមមាន ទី១-ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways (TW)ដែលនឹងហោះហើរពីទីក្រុងសេអ៊ូល-អ៊ីនឈុន (ICN) មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ នឹងប្រតិបត្តិការជើងហោះហើរជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ការដាក់ឱ្យដំណើរការជើងហោះហើរថ្មីនេះ គឺចំពេលដែលកម្ពុជាស្ថិតក្នុងរដូវកាលដែលមានភ្ញៀវទេសចរមកទស្សនាក្រាស់ក្រែលបំផុត។

ទី២- ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (MU)ដែលមានផ្លូវហោះហើរពីទីក្រុងគុនមីង (KMG) មកកាន់ខេត្តសៀមរាប (SAI)។ ក្រុមហ៊ុននេះបានបង្កើនចំនួនជើងហោះហើរលើផ្លូវគុនមីង-សៀមរាប ពី ៣ ជើង ទៅ ៤ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យ) ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៦។ការបន្ថែមជើងហោះហើរនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរពីតំបន់ភាគនិរតីនៃប្រទេសចិនមកកាន់កម្ពុជា។

ឯកឧត្តម បាននិយាយថា ការពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសទាំងពីរនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ រួមមាន ពង្រឹងទំនាក់ទំនងជាមួយទីផ្សារទេសចរណ៍សំខាន់ៗចំនួនពីរនៅអាស៊ីឦសាន, បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ខេត្តសៀមរាប, និងពង្រឹងតួនាទីរបស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដ៏លេចធ្លោមួយ ព្រមទាំង ជំរុញវឌ្ឍនភាពនៃយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និងពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសអន្តរជាតិ។
ឯកឧត្តម មានប្រសាសន៍ថា៖ «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅតែបន្តប្តេជ្ញាចិត្តក្នុងការសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ជំរុញលទ្ធភាពចូលទៅកាន់ទីផ្សារ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីលើកកម្ពស់បណ្តាញតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា»។
របាយការណ៍ SSCA បង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រតិបត្តិការហោះហើរចំនួន ៣៥ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣១) និងមានជើងហោះហើរ ជាមធ្យម ១១០០ជើង(ទ្វេទិស)ក្នុងមួយសប្តាហ៍ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មានចំនួនជើងហោះហើរច្រើនជាងគេចំនួន ៨២០ ជើង(ទ្វេទិស) ក្នុងមួយ សប្តាហ៍ តាមពីក្រោយដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មានចំនួន ២៩២ ជើង(ទ្វេទិស) ក្នុងមួយសប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មានចំនួន ៥២ ជើង/ សប្តាហ៍ (ទ្វេទិស)៕ អត្ថបទ៖ ធូ វិរៈ




