ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានបញ្ជាក់ថា ក្រសួងការពារជាតិបានត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១ម៉ឺននាក់ដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ខណៈដែលការបើកវគ្គនឹងចាប់ផ្តើមនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ក្រសួងការពារជាតិបានត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១ម៉ឺននាក់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ពោលគឺបានត្រៀមតាំងពីបីខែមកម៉្លេះ ដោយមិនមានការលំបាកក្នុងការត្រៀមរៀបចំនោះទេ គឺក្រសួងបានគិតគូរផែនការច្បាស់លាស់ ប៉ុន្តែនីតិវិធីលម្អិតៗរបៀបម៉េច ខិតខំធ្វើយ៉ាងណាឲ្យបានរលូនដំណើរការល្អទៅមុខ ហើយខាងក្រសួងការពារជាតិកំពុងតែជជែកពិភាក្សាគ្នា។ ចំពោះទីតាំងសម្រាប់ហ្វឹកហ្វឹក គឺបានប្រុងប្រៀបរួចរាល់អស់ហើយ គេនឹងជូនដំណឹង ហើយសាម៉ីជននឹងបានដឹងថាខ្លួនត្រូវទៅហ្វឹកហ្វឺនបណ្តុះបណ្តាលនៅកន្លែងណា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ឆ្នាំដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។ ក្រសួងការពារជាតិនឹងបន្តរើសរាល់ឆ្នាំ ហើយតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕ អត្ថបទ៖ វង្ស សុភាព


