សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបញ្ចៀសចរាចរជាបណ្ដោះអាសន្ន នៅទីតាំងរៀបចំកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយមាត់ស្ទឹងសៀមរាបលើផ្លូវពោធិ៍កំបោរ ដោយមានការរៀបចំជាផ្សារវប្បធម៌ដែលមានស្ដង់ប្រមាណ ៦០ស្ដង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីបណ្ដាប្រទេសនិយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ និងការប្រគុំតន្ត្រី។
រដ្ឋបាលខេត្តសៀមរាបបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង ប្រចាំខេត្តសៀមរាប នឹងរៀបចំកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ស្ទឹងសៀមរាបលើផ្លូវពោធិ៍កំបោរ ដោយមានការរៀបចំជា ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ ៦០ស្តង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីបណ្តាប្រទេស និយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ និងការប្រគុំតន្ត្រី។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយសហគមន៍ហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា និងចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងចូលរួម លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ក្នុងខេត្តសៀមរាប។
ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀប រៀបរយឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធីខាងលើ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវតាមបណ្តោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់ចំណុចកែងបត់ផ្លូវអ៊ុំឃុន រហូតដល់ផ្លូវព្រះសង្ឃរាជ ទេព វង្ស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ដល់២៣:០០នាទី។
រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែល នៅទីតាំងរៀបចំកម្មវិធីខាងលើ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់អធ្យាស្រ័យតាមការគួរ៕

