អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ ឬសម្បទានណាមួយចំពោះក្រុង Moscow ខណៈប្រទេសរុស្ស៊ីបង្កើនការវាយលុកយ៉ាងសន្ធាប់នៅក្នុងតំបន់ Donbas ភាគខាងកើត និងបានបញ្ឈប់ការបញ្ជូនឧស្ម័នដល់ប្រទេសហ្វាំងឡង់ក្នុងចំណាត់ការចុងក្រោយបំផុត ឆ្លើយតបចំពោះការដាក់ទណ្ឌកម្មពីលោកខាងលិច និងមូលហេតុធ្វើឲ្យខ្លួនឯកាពីពិភពលោកកាន់តែខ្លាំង។

លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលបានជួបលោកប្រធានាធិបតី Volodymyr Zelenskiy នៅក្នុងទីក្រុង Kyiv កាលពីខែមុន បានថ្លែងសុន្ទរកថាដោយផ្ទាល់ទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ជាមេដឹកនាំបរទេសដំបូងដែលបានថ្លែងទៅកាន់សភានេះដោយផ្ទាល់។ បន្ទាប់ពីការបញ្ចប់ការតស៊ូជាច្រើនសប្ដាហ៍របស់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រភាគខាងត្បូង Mariupol រុស្ស៊ីកំពុងបង្កើនការវាយលុកយ៉ាងខ្លាំងនៅក្នុងតំបន់ Luhansk ជាខេត្តមួយក្នុងចំណោមខេត្ត២ ក្នុងតំបន់ Donbas។
អគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅក្នុងរបាយការណ៍ តាមដានស្ថានភាពប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យថា នៅខ្សែត្រៀមជួរមុខតំបន់ Donetsk កងកម្លាំងរុស្ស៊ីបានកំពុងព្យាយាមវាយបំបែកកម្លាំងការពាររបស់អ៊ុយក្រែន ដើម្បីចូលទៅដល់ព្រំដែនរដ្ឋបាលតំបន់ Luhansk ខណៈដែលតំបន់ភាគខាងជើងគឺទីក្រុង Sievierodonetsk ទីក្រុង Lysychansk នៅតែរងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំ៕
អត្ថបទ៖ សុខមាន