ការអញ្ជើញចូលរួមប្រកួតក្នុងពានរង្វាន់អន្ដរជាតិជាបន្ដបន្ទាប់ គឺជាឱកាសដ៏ល្អ សម្រាប់វាស់ស្ទង់សមត្ថភាព បង្ហាញ និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា។

នេះបើតាមការគូសបញ្ជាក់របស់លោក នៃ ប៊ុនសុភ័ត្រា គ្រូបង្វឹកក្រុម Lucky FC ក្រោយទទួលបានការអញ្ជើញចូលរួមប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់អន្ដរជាតិ The 10th Dong Thap Television International Futsal Tournament 2026 នៅប្រទេសវៀតណាម នាដើមខែវិច្ឆិកាខាងមុខ បន្ទាប់ពីក្រុមតំណាងកម្ពុជាមួយនេះ ទើបទទួលបានការអញ្ជើញ និងចូលរួមការប្រកួតអន្ដរជាតិមួយ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែកញ្ញាកន្លងទៅ។
លោក នៃ ប៊ុនសុភ័ត្រា បានសម្ដែងក្ដីរីករាយ ដែល Lucky FC ត្រូវបានអញ្ជើញចូលរួមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ ស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិប ក្នុងការជំរុញឲ្យមានការប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេស សំដៅដុសខាតសមត្ថភាព និងអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន។ ដូច្នេះបេសកកម្មចូលរួមការប្រកួតអន្ដរជាតិ នៅប្រទេសវៀតណាម នាពេលដ៏ខ្លីខាងមុខ គឺជារឿងដ៏ល្អ ទោះបីជាពានកម្រិតថ្នាក់ខេត្តយ៉ាងណាក្ដី។
ជាមួយគ្នាកីឡាករវ័យក្មេង ណាហ៊្សែ អារ៉ាហ្វាត បានបង្ហាញការសប្បាយរីករាយ ដែលមានឱកាសចូលរួមប្រកួតអន្ដរជាតិ ហើយបានតាំងចិត្តយ៉ាងមុតមាំ នឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ហើយក៏សង្ឃឹមថា បេសកកម្មតំណាងកម្ពុជានេះ នឹងទទួលបានកម្លាំងចិត្ត និងការគាំទ្រពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងសាលកម្ពុជាផងដែរ។
គួរដឹងថា ការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់អន្ដរជាតិ The 10th Dong Thap Television International Futsal Tournament 2026 គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅខេត្ត Dong Thap ប្រទេសវៀតណាម ដោយមានបេក្ខភាព ៨ក្រុមចូលរួម ក្នុងនោះមាន ៦ក្រុមជាបេក្ខភាពតំណាងក្រុមម្ចាស់ផ្ទះ គ្រាដែល ២ក្រុមទៀត គឺជាក្រុមភ្ញៀវ ដែលអញ្ជើញចូលរួម ក្នុងនោះគឺមានក្រុម Lucky FC តំណាងកម្ពុជា និង ១ក្រុមទៀតមកពីថៃ។
យោងតាមរូបមន្ដការប្រកួតនឹងបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះយកក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមរងបរាជ័យនៅវគ្គ ៤ក្រុមចុងក្រោយ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួន ខណៈក្រុមឈ្នះ ត្រូវឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពានតែម្ដង៕ អត្ថបទ លី ឈុនឡា






