WHO៖ អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនរំពឹងថានឹងរកឃើញករណីឆ្លងជំងឺអុតស្វា (monkeypox) បន្ថែមទៀត ខណៈជំងឺនេះបានឆ្លងរាលដាលនៅក្នុងប្រទេសមួយចំនួន ជាទីដែលមិនទំនងថានឹងត្រូវរកឃើញនៅក្នុងប្រទេសទាំងនោះសោះ។

ករណីឆ្លងជំងឺអុតស្វាមួយចំនួនត្រូវបានរកឃើញ ក្នុងបណ្ដាប្រទេសនៅតំបន់អាមេរិកខាងជើង និងសហភាពអឺរ៉ុបកាលពីដើមខែឧសភា ដែលនាំឲ្យមានក្ដីបារម្ភខ្លាំងចំពោះជំងឺប្រភេទនេះ ជំងឺឆ្លងដែលត្រូវបានរកឃើញដំបូងក្នុងប្រទេសកុងហ្គោនៃទ្វីបអាហ្វ្រិកកំពុងឆ្លងរាលដាលខ្លាំង។ ប្រទេសអូស្ត្រាលីបច្ចុប្បន្នកំពុងតាមដានករណីឆ្លងដំបូង បន្ទាប់ពីបុរសវ័យខ្ទង់ 40ឆ្នាំម្នាក់បានធ្វើដំណើរទៅដល់ទីក្រុង Sydney ដែលមានផ្ទុកជំងឺនេះ ខណៈដែលក្រុមអាជ្ញាធរសុខាភិបាលក្នុងទីក្រុង Quebec របស់ប្រទេសកាណាដាកំពុងតាមដាន បន្ទាប់ពីមានករណីសង្ស័យលើមនុស្សរាប់សិបនាក់បានលេចឡើង។
ភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ករណីឆ្លងដែលបានបញ្ជាក់ចំនួន 92នាក់ និងករណីសង្ស័យថាកើតជំងឺអុតស្វា 28នាក់ត្រូវបានរាយការណ៍ពីរដ្ឋសមាជិកចំនួន 12 ដែលវីរុសនេះមិនមែនជាជំងឺរាតត្បាតនោះទេ ទីភ្នាក់ងារអង្គការនេះបានបន្ថែមថា ខ្លួននឹងផ្តល់ការណែនាំ និងអនុសាសន៍បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ប្រទេសនានាអំពីវិធីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺអុតស្វានេះ៕
អត្ថបទ៖ សុខមាន