នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យវឌ្ឍនភាព ការសាងសង់អគារស្ថានីយអ្នកដំណើរពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបានសម្រេច ៩៨% ដោយគ្រោងនឹងរួចរាល់មុនកម្ពុជាធ្វើម្ចាស់កិច្ចប្រជុំកំពូងហ្វ្រង់កូហ្វូនីលើកទី២០ ។

បញ្ជាក់ប្រាប់ BTV ឯកឧត្តម សារិន គុណ្ណករ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា នៅពេលនេះអគារស្ថានីយអ្នកដំណើរពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានសាងសង់ស្ទើររួចរាល់១០០% ដោយនៅប៉ុន្មានថ្ងៃទៀត នឹងដាក់ដំណើរការសាកល្បង ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់ជុំវិញពិភពលោក ដែលនឹងមកកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានណែនាំឱ្យក្រុមការងារ ត្រូវរៀបចំឱ្យកាន់តែស្អាតថែមទៀត ទោះមកដល់ពេលនេះសម្រេចបាន៩៨%ហើយក៏ដោយ កុំឱ្យមានចំណុចខ្វះខាតតិចតួចក្លាយជាបញ្ហាធំឱ្យសោះ ត្រូវធានាថាគ្រប់ទីកន្លែង បានរួចរាល់ និងពុំបានបន្សល់ចំណុចខ្វះខាត ឬភ្លេចមុខ ភ្លេចក្រោយឱ្យសោះ ពិសេសនៅសល់ជាង ១០ថ្ងៃប៉ុណ្ណោះ អគារអ្នកដំណើរពិសេស VIP មួយនេះ នឹងទទួលគណៈប្រតិភូជាន់ខ្ពស់ដែលនឹងមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនៅលើកទី២០នៅកម្ពុជាហើយ ត្រូវរួមគ្នាពិនិត្យ និងកែសម្រួលឱ្យបានរួចរាល់១០០%។
សូមបញ្ជាក់ថា អគារស្ថានីយអ្នកដំណើរពិសេស VIP ជាស្ថានីយអ្នកដំណើរពិសេសសម្រាប់ថ្នាក់ដឹកនាំប្រទេស ហើយបានកសាងលើផ្ទៃដីជិត៧ហិកតា និងមានបន្ទប់ពិសេស VIP ចំនួន១៧ ក្នុងនោះមានបន្ទប់សម្រាប់ព្រះមហាក្សត្រ បន្ទប់សម្រាប់ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា បន្ទប់សម្រាប់ថ្នាក់ដឹកនាំប្រធានរដ្ឋសភា បន្ទប់សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបន្ទប់ពិសេសជាច្រើនទៀតសម្រាប់ថ្នាក់ដឹកនាំប្រទេសធ្វើដំណើរផ្លូវរដ្ឋតំណាងប្រទេសជាដើម៕ អត្ថបទ៖ គង់ រ៉េន






