រាជធានីភ្នំពេញ ៖ អាជ្ញាធរថ្នាក់មូលដ្ឋាន ជំរុញការផ្សព្វផ្សាយឱ្យពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ ដើម្បីត្រៀមខ្លួនបោះឆ្នោតនៅឆ្នាំក្រោយ។
នៅរដ្ឋបាលសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ក្រុមការងារមន្ត្រី បានបន្តការយកចិត្តទុកដាក់ខ្ពស់ជាមួយការបម្រើពលរដ្ឋ លើការអញ្ជើញទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី ( ជីវមាត្រ ) ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៨ខាងមុខ ។

លោក អ៊ុម ហ៊ុនឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ ឲ្យដឹងថា ៖ បច្ចុប្បន្ននេះ នៅមានបងប្អូនប្រជាពលរដ្ឋភាគច្រើនដែលលោកពុំទាន់បានអញ្ជើញមកធ្វើជីវមាត្រនៅឡើយ ហើយអាជ្ញាធរសង្កាត់បានដាក់ចេញផែនការ បន្តជម្រុញផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅកាន់បងប្អូនដល់តាមភូមិឋាន ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ជ្រាបអំពីសារៈប្រយោជន៍សំខាន់ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ។
លោកចៅសង្កាត់ បន្ថែមថា ៖ រដ្ឋបាលសង្កាត់បានធ្វើការផ្សព្វផ្សាយជាច្រើនរូបភាព តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ផង ដែលបានណែនាំឲ្យបណ្តាមេភូមិទាំងអស់ក្នុងមូលដ្ឋានជម្រាបទៅដល់បងប្អូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះផង , តាមរយៈការចាក់មេក្រូដាក់តាមមធ្យោបាយធ្វើដំណើរដើម្បីផ្សព្វផ្សាយផង ក៏ដូចជាតាមរយៈផេកផ្លូវការណ៍របស់រដ្ឋបាលសង្កាត់ និងគណនេយ្យហ្វេសបុកផ្ទាល់ខ្លួនរបស់លោកផង ដែលបានចែករំលែកទៅលើបណ្តាញសង្គម អំពីការធ្វើជីវមាត្រនេះ ។
លោកចៅសង្កាត់ បញ្ជាក់ជូនថា ៖ ការធ្វើជីវមាត្រឡើងវិញ គឺជាការស្គេនក្រយ៉ៅដៃថ្មី និងការថតរូបឡើងវិញជាថ្មី ពីព្រោះពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ និង២០១៧ អាចនឹងមានការប្រែប្រួល ឬផ្លាស់ប្តូរមុខមាត់រូបរាងជាដើម ដែលចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពថ្មី ពុំអាចបន្តប្រើទិន្នន័យចាស់ទៀតនោះឡើយ ។

ពលរដ្ឋ ដែលបានអញ្ជើញទៅធ្វើជីវមាត្រ សម្តែងការយល់ឃើញថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ គឺមានសារៈប្រយោជន៍សំខាន់ ដើម្បីតាមតានផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឲ្យបានត្រឹមត្រូវ ងាយស្រួលក្នុងការកែតម្រូវ ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិ ។

ក្នុងនាមជាម្ចាស់សម្លេងឆ្នោត ពលរដ្ឋម្នាក់ៗ រងចាំពេលវេលាបោះឆ្នោតមកដល់ប៉ុណ្ណោះ ដើម្បីបោះជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋាននិងតំណាងរាស្ត្រ ដើម្បីបន្តដឹកនាំប្រទេសជាតិបន្តឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាបន្ថែមទៀត ។
សូមបញ្ជាក់ថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី០៧ តុលា នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានរយៈពេលត្រឹមតែ៥៥ថ្ងៃប៉ុណ្ណោះ ៕








