ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦ ប្រាក់បញ្ញើអតិថិជននៅតាមគ្រឹះស្ថាន ហិរញ្ញវត្ថុ បានបន្តកើនឡើងនៅក្នុងរង្វង់ប្រមាណ ៥ ភាគរយ ដោយសារទំនុកចិត្តរបស់សាធារណជនមកលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរ និង ប្រតិបត្តិការហិរញ្ញវត្ថុ និងការទទួលប្រាក់បញ្ញើអតិថិជន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នេះថា ជុំវិញប្រតិបត្តិការអាជីវកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នបានដំណើរជាធម្មតា ទោះបីមានឧបសគ្គខ្លះៗក៏ដោយ ក៏ប្រតិបតិបត្តិការហិរញ្ញវត្ថុនៅបន្តពូនជ្រុំដល់អតិថិជន គ្រាន់តែការផ្តល់ប្រាក់កម្ចីទាំងនោះអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីជំរុញប្រកបដោយភាពជោគជ័យទាំងប្រតិបត្តិករ និងអតិថិជន។
លោក បន្តឱ្យដឹងថា ជុំវិញការឥណទានបច្ចុប្បន្ន បានដំណើរនៃការផ្តល់ឥណទានជាធម្មតា ប៉ុន្តែស្ថានភាពនៃការផ្តល់នេះ ស្ថិត ក្នុងកម្រិតនៃការផ្តល់ឥណទានទាបជាងមុខបន្តិច ជាក់ស្តែងនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦នេះ មានកំណើនឥណទានក្នុងរង្វង់ ជាង ១ ភាគរយ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលប្រាក់សន្សំ ឬហៅថា ប្រាក់បញ្ញើអតិថិជន បានបន្តមាន កំណើនក្នុងរង្វង់ប្រមាណ ៥ ភាគរយ។ លោក បន្តថា ចំពោះការកើនឡើងប្រាក់សន្សំនេះ គ្រឹះនីមួយៗក៏មានការថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ជំរុញឱ្យមានសមតុល្យទៅនិងការផ្តល់ឥណទាន ដើម្បីចៀសវាងការសល់សាច់ប្រាក់ច្រើននាំឱ្យគ្រឹះស្ថានមានការខាតបង់។
លោក សុខ វឿន លើកឡើងបន្ថែមថា ជុំវិញការកើនឡើងនៃប្រាក់បញ្ញើនេះមានកត្តាជាច្រើនដូចជា៖ ដោយសារសាធារណជនមានទំនុកចិត្តមកលើគ្រឹះធនាគារនិងហិរញ្ញវត្ថុ (ដាក់ប្រាក់នៅធនាគារ និងហិរញ្ញវត្ថុ ស្រួលក្នុងការចាយវាយដោយមិនកាន់ក្រដាស់ប្រាក់), ការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ និងជាពេលវេលាដែលមិនទាន់សមស្របលើការវិនិយោគជាដើម។
សូមបញ្ជាក់ថា ជុំវិញគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា មានចំនួន ៦១ (ធនាគារពាណិជ្ជ ៥៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣) និងមានទ្រព្យសកម្មបានកើនឡើង ២,៤% ដល់ជាង ៣៨៦ ទ្រីលានរៀល ត្រូវមានជាង ៩៦ ប៊ីលានដុល្លារអាមេរិក ដោយឥណទានអតិថិជនកើនឡើង ៤,៤% ដល់ជាង ២៤៤ ទ្រីលានរៀល ត្រូវជាង ៦១ ប៊ីលានដុល្លារអាមេរិក និងមានចំនួន ៣,៨ លានគណនី។ ចំណែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន ១០៤ (ធនាគារឯកទេស៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១២) និងគ្រឹះស្ថានឥណទានជនបទមានចំនួន ៨៨៕ អត្ថបទ៖ សុន រ៉ាឌី

