សហរដ្ឋអាមេរិក៖ អតីតប្រធានសេនាធិការចម្រុះលោក Mike Mullen បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមមន្ត្រីអាមេរិកគួរតែពិចារណាពីលទ្ធភាពដែលរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ស្របពេលមានការលុកលុយជាបន្តបន្ទាប់ចូលអ៊ុយក្រែន។

ឧត្តមនាវីឯកកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍បាននិយាយក្នុងកម្មវិធី "សប្តាហ៍នេះ" “This Week” របស់ទូរទស្សន៍ ABC ថា “វាពិបាកណាស់ក្នុងការដឹងពីអ្វីដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងគិតនៅពេលជាក់លាក់ណាមួយ។ កន្លងមកលោកធ្លាប់បាននិយាយយ៉ាងច្បាស់អំពីរឿងនេះ។ ខ្ញុំគិតថា យើងត្រូវតែធ្វើឱ្យប្រាកដថា យើងចាត់ទុកវាជាលទ្ធភាពមួយ ដោយបន្ថែមថា លោកសង្ឃឹមថា ការរារាំងការវាយប្រហារនឹងអាចមានប្រសិទ្ធភាព។ ពួកវាជាអាវុធមានវិសាលភាពបំផ្លិចបំផ្លាញបំផុតមិនធ្លាប់មាននៅលើផែនដី។
លោក Mullen បានប្រាប់អ្នកសម្របសម្រួលកម្មវិធីលោកស្រី Martha Raddatz ថា យើងគួររំលឹកថា ក្នុងនាមជាប្រទេសដែលពិតជាបានប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងទសវត្សរ៍ឆ្នាំ1940 អាវុធទាំងនោះមានការបំផ្លិចបំផ្លាញធំប៉ុណ្ណា ហើយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប្រាកដថា នឹងពុំមានការប្រើប្រាស់អាវុធនោះទេ។ ប៉ុន្តែអាវុធទាំងនោះគឺជាផ្នែកមួយនៃឃ្លាំងអាវុធរបស់លោក Putin។ លោកពិតជាមានការបារម្ភខ្លាំងណាស់ ដូច្នេះយើងត្រូវតែពិចារណាថា វាជាសកម្មភាពដែលលោក Putin អាចធ្វើបាន៕
អត្ថបទ៖ សុខមាន