ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានក្រើនរម្លឹកពលរដ្ឋមិនចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ និងក្រុមអាទិភាពជួរមុខ ត្រៀមទៅទទួលការចាក់វ៉ាក់សាំងដូសទី៥ ដែលចាប់ផ្តើមពីថ្ងៃទី៩ខែមិថុនា ខាងមុខនេះ។
មានប្រសាសន៍ប្រាប់BTVនៅថ្ងៃទី២៣ ខែឧសភានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរក្តី តែការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏សំខាន់បំផុត សម្រាប់បុគ្គលគ្រប់ៗ ការពារខ្លួនទប់ទល់នឹងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាមរណៈភាពបានជាអតិប្បរិមា។
ក្រៅពីនេះលោកជំទាវ បានក្រើនរម្លឹកពលរដ្ឋមិនចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង និងមន្រ្តីជួរមុខ ព្រមទាំងក្រុមអាទិភាពត្រៀមទៅទទួលការចាក់វ៉ាក់សាំងដូសទី៥ ដែលចាប់ផ្តើមនៅខែមិថុនា ខាងមុខនេះ។ ហើយការចាក់វ៉ាក់សាំងដូសទី៥នេះ នឹងប្រើប្រាស់វ៉ាក់សាំងជំនួយពីប្រទេសចិន ប្រទេសឥណ្ឌា និងប្រទេសអ៊ីតាលីជាដើម។
យោងតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលហៅកាត់គ.វ.ក.១៩ បានបង្ហាញថា យោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ខែឧសភា ឆ្នាំ២០២២ គ.វ.ក-១៩ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងទី៥ ជូនមន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។
បច្ចុប្បន្នប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ៕ អត្ថបទ៖ ទូច សោភ័ណ