បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានសម្រេចចិត្តនៅជាមួយ Paris Saint Germain ច្រានចោលការផ្លាស់ទៅកាន់ Real Madrid។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយក្លិបជើងឯកបារាំងមួយនេះរហូតដល់ឆ្នាំ២០២៥ ជាមួយទំហំទឹកប្រាក់កប់ពពក។

បើតាមអ្នកជំនាញសារព័ត៌មានបាល់ទាត់លោក Guillem Balague ឱ្យដឹងថា PSG បានរៀបចំសំណើទៅកាន់ Mbappe សំរាប់កិច្ចសន្យាថ្មីនេះដែលមានទំហំទឹកប្រាក់ ១៥០លានអឺរ៉ូត្រឹមរក្សា Mbappe ពីររដូវកាលប៉ុណ្ណោះ។ ក្នុងមួយសប្តាហ៍កន្លងទៅ ម្ចាស់ជ័យលាភី World Cup 2018 ជាមួយក្រុមជំរើសជាតិបារាំងរូបនេះមានការស្ទាក់ស្ទើពីអនាគតរបស់ខ្លួនថា តើត្រូវទៅ Real Madrid រឺ PSG បន្ទាប់ពីមានសារព័ត៌មានអេស្ប៉ាញមួយក៏បានចុះផ្សាយថា Mbappe បាន់យល់ព្រមប្រាក់ឈ្នួលនៅ Real Madrid ទៅហើយ។
យ៉ាងណាក្តី Kylian Mbappe បានសម្រេចចិត្តចុងក្រោយនៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ជាមួយនឹងការប្តេជ្ញាចិត្តនៅជាមួយ PSG បន្តទៀតក្នុងការប្រកាសកិច្ចសន្យាថ្មីមួយ មុនការប្រកួតបិទរដូវកាលដែល PSG យកឈ្នះ Metz ៥-០។ Mbappe រកបានបីគ្រាប់ម្នាក់ឯងក្នុងការប្រកួតនោះ ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលសរុប ២៨គ្រាប់ពីលើខ្សែប្រយុទ្ធ Monaco, Wissam ben Yedder ៣គ្រាប់៕
អត្ថបទ៖នាង សុភាវុធ