ក្រុមណាហ្គាវើលដ៏ បានប្រកួតស្មើក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ដោយលទ្ធផល ១-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី៦ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លទ្ធផលនេះ នាំឲ្យក្រុមលោក ឃឹម បូរី ខកខានឱកាសស្មើពិន្ទុជាមួយក្រុមកំពូលតារាងវិសាខា ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ ៣-០។

សម្រាប់ជំនួបដើមខែវិច្ឆិកានេះ ណាហ្គាវើលដ៏ បាននាំមុខលើក្រុមភ្ញៀវ ១គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយកីឡាករ Vasconcelos Paim Filipe នៅនាទី២៣ គ្រាដែលចូលវគ្គទី២ កីឡាករ Hall Louis Aiden បានរកគ្រាប់វាយបកតាមស្មើឲ្យគិរីវង់សុខសែនជ័យវិញ នៅនាទី៥៤ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីការព្យាយាមស្វែងរកគ្រាប់បាល់បន្ថែមរៀងៗខ្លួន តែធ្វើមិនបានសម្រេច។
ក្រឡេកទៅក្រុមវិសាខា ពួកគេនៅតែធ្វើបានល្អ ដោយយកឈ្នះក្រុមដំរីជ័យ អាយអេសអាយ ដង្កោសែនជ័យ ៣-០ នៅកីឡដ្ឋានស្មាត។ ៣គ្រាប់ ដែលជួយឲ្យបេក្ខភាពក្រុមលេខ៧ ឆ្នាំចាស់ ទទួលបានជ័យជម្នះលើកទី៥ ក្នុងចំណោម ៦ប្រកួតនេះ រកបានដោយកីឡាករ Donovan Ewolo នៅនាទី១៧, កីឡាករ Pa Ousman Gai នៅនាទី៦០ និងកីឡាករ Jaume Cuellar នៅនាទី៧៧។
តាមរយៈជ័យជម្នះរបស់ក្រុមមិនទាន់ស្គាល់បរាជ័យទាំង ២ នេះដែរ វិសាខា បានបន្ដឈរកំពូលតារាង ដោយរកបាន ១៦ពិន្ទុ ក្នុងចំណោម ៦ប្រកួតឈ្នះ៥ និងស្មើ១ នាំមុខ ២ពិន្ទុលើក្រុមណាហ្គាវើលដ៏ ដែលបន្ដឈរលេខ២ តែមាន ១៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៦ប្រកួតដូចគ្នាឈ្នះ៤ និងស្មើ ២ ស្របពេលក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលមិនមានការប្រកួតក្នុងសប្ដាហ៍ទី៦ បន្ដឈរលេខរៀងទី៣ មាន ១១ពិន្ទុ ហើយក៏ជាក្រុមមួយមិនទាន់ស្គាល់ចាញ់ផងដែរ។
ចំណែកក្រុម អាយអេសអាយ ដង្កោសែនជ័យវិញ បានរបូតកៅអីក្រុមកំពូលតារាងទាំង ៦ ឬ Top-6 ជាបណ្ដោះអាសន្ន ដោយធ្លាក់មកឈរលេខ៨ និងមាន ៥ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ១ ស្មើ ២ និងចាញ់ ២ ខណៈគិរីវង់សុខសែនជ័យ បន្ដឈរលេខ១០ និងមាន ៤ពិន្ទុស្មើក្រុមបឹងកេត ដែលឈរលេខ៩ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ៤ប្រកួត៕ អត្ថបទ លី ឈុនឡា


