ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ចាប់ដំណើរការចូលរៀនពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ សិស្សនៅវិទ្យាល័យបានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមការអប់រំរបស់លោកគ្រូ អ្នកគ្រូ។
ក្រុមសិស្សនៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ការសិក្សាមានសារសំខាន់ណាស់ ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ ម្លោះហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ ពួកយើងនឹងប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីក្លាយជាមូលធនមនុស្សនៅពេលអនាគត។ សិស្សទាំងនោះ ក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានចូលរៀនឆ្នាំសិក្សាថ្មី ព្រោះបានជួបលោកគ្រូ អ្នកគ្រូ មិត្តភក្តិចាស់ និងថ្មីៗ។

លោក យិន អ៊ាង នាយករងវិទ្យាល័យបាក់ទូក បានលើកឡើងដែរថា ក្នុងឆ្នាំសិក្សាថ្មី គណៈវិទ្យាល័យបាក់ទូក បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវគោរពពេលវេលាម៉ោងសិក្សា និងយកចិត្តទុកបង្រៀនកូនសិស្សឲ្យបានល្អ ទាំងទ្រឹស្តី និងការអនុវត្ត។ រីឯសិស្សវិញ ត្រូវគោរពបញ្ជាផ្ទៃក្នុងរបស់សាលា ជៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀន ថែរក្សាបរិស្ថានអនាម័យក្នុងថ្នាក់ និងទីធ្លាសាលាឲ្យបានល្អ ត្រូវខិតខំប្រឹងប្រែងរៀនពីលោកគ្រូ អ្នកគ្រូ និងស្វ័យសិក្សាដោយខ្លួនឯង។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការគន្លឹះចំនួន៤រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង៤.ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិត នឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមានស្តង់ដាចំនួន៥ គឺទី១. លទ្ធផលសិក្សារបស់សិស្ស ទី២. ការបង្រៀន និងរៀន ទី៣.ការចូលរួមរបស់សហគមន៍ ទី៤.ដំណើរការប្រតិបត្តិ និងរដ្ឋបាលសិក្សា និងទី៥.គណនេយ្យភាពសាលារៀន៕ អត្ថបទ៖ទូច សោភ័ណ









