គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ គណៈកម្មការរៀបចំការប្រឡង បានចាប់ផ្តើមអនុវត្តនីតិវិធីបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ សិក្សា២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ(NIE)។
មុនដំណើរការបែងចែកកន្លែងការងារ គណៈកម្មការបានណែនាំ និងបញ្ជាក់ជូនដល់បេក្ខជនគ្រប់រូបអំពីគោលការណ៍នៃការជ្រើសរើសកន្លែងការងារត្រូវផ្អែកលើប៉ុស្តិ៍តម្រូវការ និងជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ គ្រប់បេក្ខជនទាំងអស់ មិនថាជាប់បម្រុង ឬជាប់ស្ថាពរ ត្រូវតែបង្ហាញខ្លួននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន(វិទ្យាស្ថានគរុកោសល្យគោលដៅរបស់សាមីខ្លួន) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះកុំបីខាន និងត្រូវចូលរៀនទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ជាការចាំបាច់បំផុត។
ក្នុងថ្ងៃនេះ ការបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងគ្រូបង្រៀននៅអនុវិទ្យាល័យទាំងអស់សរុបចំនួន ៥៧៥នាក់ នឹងធ្វើការបែងចែកទៅតាមភូមិសាស្រ្តខេត្ត ចំនួន១៩ រួមមាន៖ បាត់ដំបង កណ្តាល កំពង់ចាម ពោធិ៍សាត់ ព្រះវិហារ ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន កំពង់ធំ កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ សៀមរាប ឧត្តរមានជ័យ ព្រៃវែង និងបន្ទាយមានជ័យ។
ទន្ទឹមនេះ នៅក្នុងដំណើរការជ្រើសរើសកន្លែងការងារនេះ គណៈកម្មការរៀបចំការប្រឡង បានកំណត់នីតិវិធីដល់បេក្ខជនគ្រប់រូប ក្នុងបេក្ខជន ១នាក់ មានពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ដើម្បីជ្រើសរើសទីកន្លែងបម្រើការងារនៅអនុវិទ្យាល័យដែលខ្លួនប្រាថ្នា ផ្អែកលើតម្រូវការជាក់ស្តែងនៃមុខវិជ្ជា និងភូមិសាស្ត្រអនុវិទ្យាល័យនីមួយៗ៕









