បាល់ទាត់៖ ក្រុមបាល់ទាត់ AC Milan បានក្លាយជាជើងឯកក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ជាលើកទី១៩ ក្នុងប្រវត្តិសាស្ត្រ តែជាលើកដំបូងប៉ុណ្ណោះក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ។ ជើងឯកអ៊ីតាលី Serie A ត្រូវរង់ចាំដល់សប្តាហ៍ចុងក្រោយដោយ AC Milan នាំមុខ Inter Milan ២ពិន្ទុ។

ជ័យជំនះនៅទឹកដី Sassuolo ៣-០ យប់មិញគ្រប់គ្រាន់ដើម្បីគ្រងជើងឯក ស្របពេលដែលក្រុមលេខ២ Inter Milan ក៏យកឈ្នះ Sampdoria ៣-០ ផងដែរ។ ខ្សែប្រយុទ្ធវ័យចំណាស់បារាំង Olivier Giroud រកបានពីរគ្រាប់ម្នាក់ឯង និង Franck Kessie មួយគ្រាប់ក្នុងជ័យជំនះរបស់ AC Milan យប់មិញនេះ។ រំលឹកថា AC Milan មិនជោគជ័យឡើយតាំងពីឈ្នះពានចុងក្រោយបំផុតនៅឆ្នាំ២០១១ ក្រោមការដឹកនាំរបស់លោក Massimiliano Allegri។ តាំងពីពេលនោះមកអ្នកចាត់ការចូលមកបន្តរួមមាន Clarence Seedorf, Filippo Inzaghi, Sinisa Mihajlovic, Vincenzo Montella និង Gennaro Gattuso សុទ្ធមិនជោគជ័យ។
ចុងក្រោយបំផុត AC Milan បានប្រកាសតែងតាំងលោក Stefano Pioli កាលពីឆ្នាំ២០១៩ ក្រោមការរិះគន់របស់អ្នកគាំទ្រដោយសារតែលោកជាអតីតអ្នកចាត់ការ Inter Milan។ ក្នុងនាមជាជើងឯកលើកនេះដែរ ខ្សែបម្រើ Daniel Maldini បានដើរតាមលំនាំជោគជ័យរបស់ឪពុក Paolo Maldini ដែលធ្លាប់ឈ្នះជើងឯក Serie A ជាមួយ AC Milan ៧លើកក៏ដូចជាជីតា Cesare Maldini ធ្លាប់ឈ្នះជើងឯកជាមួយ AC Milan ៤លើក៕
អត្ថបទ៖នាង សុភាវុធ