ក្លិបព្រះខ័នរាជស្វាយរៀង ត្រៀមនឹងបើកកីឡដ្ឋានស្វាយរៀងជាថ្មី ដើម្បីទទួលក្រុមណាហ្គាវើលដ៏ ក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី៧ នាថ្ងៃទី៨ ខែវិច្ឆិកាចុងសប្ដាហ៍ ស្របពេលសំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានប្រកាសលក់អស់តាំងពីសប្ដាហ៍មុន។

ការប្រកាសលក់សំបុត្រអស់ត្រឹមរយៈពេលជាង ២ម៉ោង បន្ទាប់ពីបើកលក់តាម App ជាផ្លូវការនាដើមខែវិច្ឆិកានេះ បានបង្ហាញពីសន្ទុះការគាំទ្រដ៏ខ្លាំងក្លារបស់អ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ពិសេសប្រជាពលរដ្ឋនៅខេត្តស្វាយរៀងផ្ទាល់ បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឡប់ទៅប្រើប្រាស់កីឡដ្ឋានស្វាយរៀងវិញ ក្នុងរដូវកាលថ្មីនេះ។
សម្រាប់ការប្រកួតក្នុងដី លើកទី៤ នេះ ត្រូវបានគេរំពឹងថា នឹងមានអ្នកគាំទ្រចូលទស្សនាលើសពី ៧ពាននាក់ជាថ្មី បន្ទាប់ពី ៣ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀង បានទាក់ទាញអ្នកគាំទ្រចូលទស្សនាផ្ទាល់ រហូតដល់ជាង ២២,០០០នាក់ ហើយការប្រកួតក្រោយៗទៀត នៅតែទាក់ទាញអ្នកគាំទ្របានច្រើនដដែល បន្ទាប់ពីកីឡដ្ឋានស្វាយរៀង ត្រូវបានសាងសង់កែលម្អកាន់តែទំនើប មានផាសុខភាព និងអាចផ្ទុកទស្សនិកជនបានច្រើនជាងមុន។
យ៉ាងណាមុឈានដល់ជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់ក្នុងលីគទាំងពីរ ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវមានភារកិច្ចប្រកួតអន្ដរជាតិមួយប្រកួតសិន ដោយត្រូវជួបក្រុមភ្ញៀវ Tampines Rovers FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែវិច្ឆិកាខាងស្អែកនេះ បន្ទាប់ពីក្រុមតំណាងកម្ពុជា បានយកឈ្នះក្រៅដីលើក្រុមតំណាងសិង្ហបុរី ៥-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ ពូលG កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ៕ អត្ថបទ លី ឈុនឡា










