ក្រុម VKH Racing Team បានសម្រេចសមិទ្ធផលដ៏គាប់ប្រសើរ ដោយដណ្ដើមបានជើងឯកទាំងកម្រិត Class A និង Class C ក្នុងការប្រកួតកីឡាយានយន្តឆ្លងកាត់ឧបសគ្គ (Off-Road) ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលទើបបញ្ចប់ដោយជោគជ័យ ក្រោមការររៀបចំរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ជាមួយមហាគ្រួសារ Off-Road នៅខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ។

លោក វង្ស គីមហួត ប្រធាក្រុម VKH Racing Team បានឲ្យដឹងថា ក្នុងការប្រកួតថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំនេះ ក្រុមរបស់ខ្លួន បានបញ្ជូនរថយន្ត Off-Road ចំនួន ៨គ្រឿងចូលរួមប្រកួត ក្នុងនោះមាន ៣គ្រឿងចូលរួមប្រកួតក្នុងប្រភេ, Class C ៣គ្រឿងប្រកួតក្នុងប្រភេទ Class B និង ២គ្រឿងប្រកួតក្នុងប្រភេទ Class A ។ ជាលទ្ធផល ក្នុងការប្រកួតកម្រិតខ្ពស់ Class A កីឡាករ ហេង បញ្ញា ដណ្ដើមបានជើងឯក គ្រាដែល Class B ទទួលបានចំណាត់ថ្នាក់លេខ៥ មួយ និងក្រុមផ្សេងទៀត ទទួលបានចំណាត់ថ្នាក់ល្អបង្គួរ ។ រីឯការប្រកួត Class C គឺដណ្ដើមបានជើងឯក ១, ចំណាត់ថ្នាក់លេខ៣ មួយ និងលេខ៦ មួយ។

ក្រោយបញ្ចប់ការប្រកួតលោកបានធ្វើការវាយតម្លៃខ្ពស់ សម្រាប់ការប្រកួតClass A គឺកីឡាករបានបើកបររថយន្តសុទ្ធតែមានគុណភាពបច្ចេកទេសខ្ពស់ៗ ដែលជាការរីកចម្រើនជាងមុនច្រើន ហើយក្នុងលទ្ធផលពិន្ទុពីមួយចំណាត់ថ្នាក់ទៅមួយចំណាត់ថ្នាក់ គឺមានកម្រិតពិន្ទុខុសគ្នាបន្តិចបន្តួចបំផុត។ ចំពោះ Class B ទាំងកីឡករ និងយានយន្តសុទ្ធតែថ្មីៗ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺបច្ចេកទេសពួកគេពិតជាធ្វើឲ្យភ្ញាក់ផ្អើលជាមួយលទ្ធផលល្អប្រសើរ គ្រាដែលការប្រកួត Class C វិញ កីឡាករម្នាក់ៗ ក៏ធ្វើបានយ៉ាងល្អ បង្ហាញពីគុណផលបច្ចេកទេសរីកចម្រើន រហូតអាចដណ្ដើមបានជើងឯកថែមទៀត។
បន្ថែមលើនេះ លោក វង្ស គីមហួត បានកោតសរសើរ កិច្ចសហការៀបចំរបស់សហព័ន្ធ និងក្លឹបមហាគ្រួសារ Off-Road ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ ស្យាម ឆ្នាំ២០២៦នេះ ពិតជាការរៀបចំបានល្អប្រសើរ ក្នុងការលើកកម្ពស់ដល់ការប្រកួតប្រជែងបង្កើនបច្ចេកទេសរបស់កីឡាករ ខណៈការផ្តល់ពិន្ទុរបស់គណៈកម្មការបច្ចេកទេសពិតជាបានផ្តល់នូវភាពសុក្រិត យុត្តិធម៌គ្រប់ការប្រកួតទាំងអស់ ដែលធ្វើឲ្យកីឡាករចូលរួមប្រកួតគោរពបាននូវបទបញ្ជាបច្ចេកទេស វិន័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡាយានយន្តបានល្អ និងរលូនជោគជ័យ។
តាមរយៈសមិទ្ធផល គួបផ្សំជាមួយការខិតខំរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា ក្រុម VKH Racing Team នឹងបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការខិតខំអភិវឌ្ឍកីឡាករឲ្យកាន់តែសម្បូរបែប ក្នុងការជួយជ្រោមជ្រែងលើកកម្ពស់វិស័យកីឡាយានយន្តកម្ពុជាឲ្យកាន់តែរីកចម្រើន។ ជាមួយគ្នលោកក៏បានអំពាវនាវដល់យុវជន មហាជនចូលរួមគាំទ្រលើកទឹកចិត្តដល់ជំនាញកីឡាមួយនេះឱ្យកាន់តែប្រសើរ ស្របពេលនៅក្នុងពេលឆាប់ៗ ក្រុម VKH Racing Team ក៏គ្រោងនឹងចូលរួមប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម និងប្រទេសឡាវ នាដើមឆ្នាំ២០២៧ខាងមុខផងដែរ៕អត្ថបទ លី ឈុនឡា












