ប្រណាំងកង់៖ កីឡាករប្រណាំងកង់ម្ចាស់ផ្ទះអ៊ីតាលី Guilio Ciccone បានប្រជែងឈ្នះដំណាក់កាលទី១៥ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលអ្នកនាំមុខផ្លាស់មកជាកីឡាករអេក្វាដ័រ Richard Carapaz។

ដំណាក់កាលទី១៥ ដែលមានចំងាយផ្លូវ ១៧៨គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ កីឡាកររបស់ក្រុមប្រណាំង Trek-Segafredo, Guilio Ciccone បានប្រជែងមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣៧នាទី ១៤វិនាទី ដាច់អ្នកលេខ២ កីឡាករកូឡុំប៊ី Santiago Buitrago ដល់ទៅ ១នាទី ៣១វិនាទី និងលេខ៣ បានទៅកីឡាករអេស្ប៉ាញ Antonio Pedrero។
យ៉ាងណាក្តីក្រោយប្រណាំងបាន ១៥ដំណាក់កាលនេះកីឡាករអេក្វាដ័រ Richard Carapaz ដែលជិះឱ្យក្រុម Ineos បានក្លាយជាអ្នកនាំមុខរួមវិញមានវេលាល្អជាងអ្នកលេខ២ កីឡាករអូស្ត្រាលី Jai Hindley ៧វិនាទី និងលេខ៣ កីឡាករព័រទុយហ្កាល់ Joao Almeida យឺតជាង ៣០វិនាទី។ សំរាប់ថ្ងៃនេះមិនមានការប្រកួតឡើយ ខណៈថ្ងៃស្អែកឈានដល់ដំណាក់កាលទី១៦ មានចំងាយផ្លូវ ២០២គីឡូម៉ែត្រក៏ឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំផងដែរ៕
អត្ថបទ៖នាង សុភាវុធ