ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន មានលក្ខណៈកាន់តែស្មុគស្មាញមួយកម្រិតថែមទៀត ដោយបានផ្សារភ្ជាប់ជាមួយនឹងបទល្មើសមិនប្រពៃណីជាច្រើនទៀត ដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការឆ្លើយតបប្រកបដោយលក្ខណៈសម្របសម្រួល និងដោះស្រាយជាពហុវិស័យ។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បញ្ហាគ្រឿងញៀនខុសច្បាប់ នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ដែលទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពទូលំទូលាយ ស៊ីចង្វាក់គ្នា និង មានប្រសិទ្ធភាពពីសំណាក់ប្រទេសពាក់ព័ន្ធទាំងអស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងពិភពលោកបានវិវត្តយ៉ាងឆាប់រហ័ស ទាំងក្នុងទម្រង់នៃការផលិត ការជួញដូរ ការដឹកជញ្ជូន និងការចែកចាយគ្រឿងញៀន។ បណ្តាញឧក្រិដ្ឋកម្ម ឆ្លងដែន បានប្រើប្រាស់វិធីសាស្ត្រកាន់តែស្មុគស្មាញ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការទាញយកផលប្រយោជន៍ពីចន្លោះ ប្រហោងក្នុងការគ្រប់គ្រង និងការអនុវត្តច្បាប់។ ជាពិសេសការផលិតនិងជួញដូរគ្រឿងញៀនសំយោគ សារធាតុញៀនប្រភេទថ្មី ដែល ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ការបង្វែរសារធាតុគីមីផ្សំ និងបុរេសារធាតុគីមីផ្សំមុនយកទៅ ប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់មធ្យោបាយថ្មីៗ ដើម្បីសម្រួល ដល់ការដឹកជញ្ជូន និងចែកចាយគ្រឿងញៀន បានបង្កើតនូវបញ្ហាប្រឈមថ្មីៗចំពោះស្ថាប័ន អនុវត្តច្បាប់។
ឯកឧត្តម បានបញ្ជាក់ថា កិច្ចប្រជុំនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងបីក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ ដែលជាបញ្ហាប្រឈមរួមចំពោះសន្តិសុខ សុវត្ថិភាព សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់ប្រទេសទាំងបី។ តាមរយៈការជួបជុំ និងការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្មារតី ជួយគ្នាទៅវិញទៅមកនេះ នឹងអាចពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនដែលជាបញ្ហាប្រឈមរួម។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម និងឡាវ ដែលបានបន្តរក្សាស្មារតីសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ និងជានិច្ចកាលផ្តល់អាទិភាពចម្បង និងគុណតម្លៃដល់យន្តការកិច្ចប្រជុំនេះ និងជាពិសេសបន្តយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឱ្យមាននិរន្តរភាព និងកាន់តែមាន ប្រសិទ្ធភាព៕ អត្ថបទ៖ វង្ស សុភាព







