នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមបើកយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីផ្ទាល់នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើជីវមាត្រជូន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាក់ស្តែងដែលកំពុងបំពេញការងារនៅតាមអង្គភាពនានាចំណុះឱ្យក្រសួង។
ថ្ងៃនេះ ជាថ្ងៃដំបូងនៃដំណើរការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែង ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើជំរឿន បានអនុវត្តចុះស្រង់ទិន្នន័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ នៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការចុះធ្វើជីវមាត្រ និងជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ គឺដើម្បីទទួលបានទិន្នន័យពិតប្រាកដ ត្រឹមត្រូវ ច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា និងដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងពង្រឹងការគ្រប់គ្រងធនធានមនុស្សរបស់ស្ថាប័ន។
សូមជម្រាបថា សម្រាប់យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផ្ទាល់៕






