កោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងជូនដំណើរយុវជន៩០នាក់ ក្នុងចំណោម២០០នាក់ទៅបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីបានដាក់ពាក្យស្នើសុំរួចរាល់។
លោកជំទាវអភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី ទទួលខុសត្រូវ ការលះបង់ និងឆន្ទៈរបស់ក្មួយៗ យុវជន ដែលបានស្ម័គ្រចិត្ត ដោយភាពជឿជាក់ចូលរួមបំពេញកាតព្វកិច្ចតាមការកំណត់របស់រដ្ឋ។ ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់ជាការចាកចេញពីគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយ សម្រាប់ក្មួយៗក្នុងការរៀនសូត្រ បណ្តុះវិន័យ ពង្រឹងកាយសម្បទា វិជ្ជាជីវៈ និងធ្វើការ ជាក្រុមដោយស្មារតីទទួលខុសត្រូវ និងការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ជាកម្លាំងដ៏មានសារៈសំខាន់ និងមានប្រយោជន៍បំផុតសម្រាប់សង្គម និងប្រទេសជាតិ។
ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរយុវជន៩០នាក់ លោកជំទាវ ឈី វ៉ា ចាត់ទុកយុវជនស្មគ្រ័ចិត្តទាំង៩០នាក់នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា មានស្មារតីទទួលខុសត្រូវ មានឆន្ទៈ និងភាពក្លាហានក្នុងការចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋចំពោះជាតិ និងមាតុភូមិ។ នេះជាកាយវិការដ៏មានអត្ថន័យមួយ ដែលបង្ហាញពីសេចក្តីស្រឡាញ់ជាតិ ការគោរពច្បាប់ និងការយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ។
រដ្ឋបាលខេត្តកោះកុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីក្នុងយន្តការកាតព្វកិច្ចយោធា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំសហការគ្នា សម្របសម្រួល ផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះយុវជនដែលគ្រប់អាយុតាមច្បាប់កំណត់ ឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។ លទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ មិនមែនជាស្នាដៃរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃការរួមគ្នា ការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងល្អរវាងគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនោះ អាជ្ញាធរ សូមអំណរគុណជាពិសេសចំពោះអាណាព្យាបាល ដែលបានយល់ដឹង គាំទ្រ និងលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យចូលរួមបំពេញកាតព្វកិច្ចដ៏មានតម្លៃនេះ។ ខ្ញុំយល់ច្បាស់ថា ការឱ្យកូនចាកចេញពីផ្ទះទៅរស់នៅ និងហ្វឹកហាត់ក្នុងបរិយាកាសថ្មី គឺជារឿងមួយដែលធ្វើឱ្យឪពុកម្តាយមានការនឹករលឹក និងបារម្ភ ប៉ុន្តែការគាំទ្ររបស់លោក លោកស្រី គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កូនៗ និងជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងធនធានមនុស្សសម្រាប់ជាតិ៕ អត្ថបទ ឈឹម មករា









