អាវុធហត្ថរាជធានីភ្នំពេញ ជួបសំណេះសំណាល បេក្ខជន២៩២នាក់ មុនពួកត្រូវទៅពិនិត្យកាយសម្បទាចូលហ្វឹកហ្វឺនកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ។
នៅព្រឹកថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេក្ខជន ២៩២នាក់ ជាប់ឈ្មោះក្នុងការបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ក្របខណ្ឌរាជធានីភ្នំពេញ បានទទួលការជួបសំណេះសំណាល និងការជូនដំណើរ ពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនបេក្ខជនទាំងអស់ ត្រូវបញ្ជូនទៅពិនិត្យកាយសម្បទា និងសុខភាព រួចនឹងបញ្ជូនបន្តទៅកាន់សាលាហ្វឹកហ្វឺនតែម្តង បន្ទាប់ពីការពិនិត្យទទួលបានលទ្ធផលវិជ្ជមាន អាចទទួលយកបាន ពីក្រុមគណៈកម្មការផ្នែកសុខាភិបាល។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានមតិលើកទឹកចិត្ត និងគាំទ្រចំពោះការស្ម័គ្រចិត្តរបស់ក្មួយៗ ក៏ដូចជាការផ្តល់ការជម្រុញគាំទ្រពីឪពុកម្តាយ អាណាព្យាបាល ដែលអនុញ្ញាតឲ្យកូនក្មួយសាច់ញាតិរបស់ខ្លួនចូលបំពេញកាតព្វកិច្ច ដែលវាជាផ្នែក និងជាថ្នាលដ៏សំខាន់មួយក្នុងបុព្វហេតុបន្តវេនបម្រើការពារប្រទេសជាតិ ប្រកបដោយស្មារតី និងសុឆន្ទៈខ្ពស់ ពិសេសគឺមនសិការរួបរួមគ្នាជាថ្លុងតែមួយ ក្នុងការទប់ទល់នឹងខ្មាំងសត្រូវប៉ងឈ្លានពានទឹកដ៏កម្ពុជា ។
ក្រុមបេក្ខជនជាប់ឈ្មោះកាតព្វកិច្ច ក៏បានបង្ហាញគោលជំហររឹងមាំ និងមុះមុតចំពោះជាតិមាតុភូមិ ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ ។ ហើយក្នុងពេលជាប់កាតព្វកិច្ច០២ឆ្នាំនេះ អ្វីដែលពួកគេអាចធ្វើបាន គឺការប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាអ្នកការពារបន្តវេនដ៏រឹងមាំ និងមានសក្តានុពលសម្រាប់ជាតិ ។
ឪពុកម្តាយ អាណាព្យាបាល បេក្ខជនជាប់ឈ្មោះ បង្ហាញការគាំទ្រ និងអរគុណរាជរដ្ឋាភិបាល ដែលបានបើកឱកាសសម្រាប់កូនៗរបស់ពួកគាត់បានរួមចំណែកជាមួយវិស័យការពារប្រទេសជាតិ ស្របពេលដែលប្រទេសជាតិយើង កំពុងទទួលរងការរំលោភបំពានមកលើបូរណភាពទឹកដី និងការឈរជើងកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ពីសំណាក់រដ្ឋបរទេសជិតខាងនៅឡើយ ។
គួរជម្រាបថា ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ ខណៈការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង នឹងត្រូវចាប់អនុវត្តនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែកជាថ្ងៃសំខាន់ស្របទៅនឹងបុណ្យឯករាជ្យជាតិ និង ថ្ងៃខួប នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទផងដែរ៕ អត្ថបទ ៖ លីហេង









